(ហ្ស៊ីមបាវេ)៖ រដ្ឋាភិបាលហ្ស៊ីមបាវេ​ បានចេញសេចក្តី​ប្រកាស​អាសន្ន​រកជំនួយ​មនុស្សធម៌​ជាអន្តរជាតិ​មួយ បន្ទាប់ពីគ្រោះ​មហន្តរាយ​ទឹកជំនន់​បាន​ជះផលប៉ះពាល់​ដ៏អាក្រក់ ដល់បណ្តា​ខេត្តនានា​ពាសពេញ​ផ្ទៃប្រទេស ហើយគិត​មកទល់ពេលនេះ​បានផ្តាច់យក​ជីវិតមនុស្ស​ចំនួន​២៤៦នាក់ និងបណ្តាល​ឲ្យ​របួសចំនួន​១២៨​នាក់​ ព្រមទាំងបន្សល់​ទុកមនុស្ស​ចំនួន ១,៩៨៥នាក់បានបាត់បង់ទីជម្រក។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Washington Post នៅរសៀល​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ដដែល​ខាងលើគ្រោះទឹកជំនន់​ដ៏ខ្លាំងក្លានេះ​ក៏បានបង្ក​ឲ្យសាលារៀន​ចំនួន​៧៤កន្លែង​​រងការ​បំផ្លិចបំផ្លាញ និង​ទំនប់​វារីអគ្គិភ័យ​ប្រមាណ​ ៧០កន្លែង​ត្រូវលេច​ធ្លាយ ព្រមទាំង​គ្រឹះស្ថាន​សុខាភិបាល​ចំនួនប្រាំ​ផ្សេងទៀត​ទទួលការ​ខូចខាត​ផងដែរ ហើយ​​សេចក្តី​​ប្រកាស​សុំជំនួយ​ពីសហគមន៍​អន្តរជាតិ​នេះ​ត្រូវបានធ្វើ​ឡើង បន្ទាប់ពី​ប្រធានាធិបតី​ហ្ស៊ីមបាវេ​លោក Robert Mugabe បានចាត់ទុក​​គ្រោះទឹកជំនន់នេះ​ ជាគ្រោះមហន្តរាយ​ធម្មជាតិ​ដ៏ធ្ងន់ធ្ងរបំផុត​មួយ ខណៈពេល​ដែលវាបានបំផ្លិចបំផ្លាញ​ នៅតាមផ្នែកជា​ច្រើនស្ទើរតែ​ទូទាំង​ប្រទេស។

គួរបញ្ជាក់ថា​ប្រជាជាតិ​តំបន់អាហ្វ្រិកខាងត្បូង​មួយនេះ បានស្នើសុំ​ជំនួយប្រមាណ​ ១០០លានដុល្លារ​សហរដ្ឋអាមេរិក​ពីសហគមន៍​អន្តរជាតិ​ដើម្បីយក​មកជួយជនរងគ្រោះ​ទាំងឡាយ​ ដែលបាន​ទទួលរងផលប៉ះពាល់​ដោយសារ​គ្រោះទឹក​ជំនន់នេះ៕