(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ​បានប្រកាសថា ខ្លួននឹងធ្វើកិច្ច​សហការជា​មួយអង្គការ​សម្រាប់ការ​ហាមឃាត់​អាវុធគីមី (OPCW) ដើម្បីនាំ​យកឧកិ្រដ្ឋជនប្រើ ប្រាស់​សារធាតុពុល​គីមី VX វាយប្រហារ​នៅឯព្រលាន​យន្ដហោះ​អន្តរជាតិ​ទីក្រុងគូឡាឡាំពួរ មកកាត់ទោស​តាមផ្លូវច្បាប់។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួងការ​បរទេស​បានបញ្ជាក់យ៉ាង​​ដូច្នេះថា «ម៉ាឡេស៊ី​នឹងមិន​ផលិត ស្ដុកទុក នាំចូល ឬនាំចេញ ឬក៏ប្រើប្រាសអាវុធគីមីពុល​ជាដាច់ខាត អនុឡោម​តាមអនុសញ្ញា​ហាមឃាត់​អាវុធគីមី។ ម៉ាឡេស៊ី​ថ្កោលយ៉ាង​ខ្លំាង ​ចំពោះការ​ប្រើប្រាស​​សារធាតុ​គីមីពុល VX​ ដោយ​នរណាម្នាក់​មិនថា​នៅទីណា​ និង ក្រោមស្ថានភាព​បែបណា​ក៏ដោយ ព្រោះថា​ការប្រើប្រាស់​សារធាតុគីមី​ពុលនេះ គឺជាគ្រោះ​ថ្នាក់ដ៏ធំបំផុត​សម្រាប់​សាធារណ​ជនទូទៅ»

គួរបញ្ជាក់ថា​ការលើកឡើង​របស់ក្រសួង​ការបរទេស​ម៉ាឡេស៊ី ធ្វើឡើង​នៅចំពេល​អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត​លើសារធាតុ​គីមីពុល VX ដែលត្រូវគេ​ប្រើសម្លាប់ លោក គីម ជុងណាំ នៅព្រលាន​យន្ដហោះ​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈថា តើវាត្រូវបាននាំចូល​ ឬក៏ផលិត​នៅក្នុងប្រទេស​ម៉ាឡេស៊ី។ ក៏ប៉ុន្តែ​ទីក្រុង​ព្យុងយ៉ាង នៅតែអះអាងថា​ បុរស​កូរ៉េខាងជើង​ដែលគេជឿជាក់ថា​ជាលោក គីម ជុងណាំ បងប្រុសម្ដាយ​ទីទៃ​លោក​ គីម ជុងអ៊ុន ស្លាប់​ដោយសារ​គាំងបេះដូង៕