(សិង្ហបុរី)៖ នៅក្នុងបទ​សម្ភាសន៍មួយ​ជាមួយអ្នក​សារព័ត៌មាន BBC នាយករដ្ឋមន្រ្តី​សិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បាន​ថ្លែងបញ្ជាក់​ច្បាស់ៗថា​ដោយសារតែលោក​ទទួលជ័យជម្នះ​នៅក្នុងការបោះឆ្នោត​រាល់លើកនោះ មិនមែនមានន័យថា​សិង្ហបុរី​ពុំមែន​ជា​ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ​នោះឡើយ។ នេះបើតាម​ការដកងស្រង់ព័ត៌មាន​ពីសារព័ត៌មាន BBC នៅព្រឹក​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

ការឆ្លើយតបបែបនេះ​របស់លោកនាយករដ្ឋមន្រ្តី​សិង្ហបុរី ត្រូវបានធ្វើ​ឡើងបន្ទាប់ពី​នៅក្នុងកិច្ចសម្ភាសន៍​ខាងលើ​អ្នកសារព័ត៌មាន​ BBC លោក Stephen Sackur បានលើកឡើងថា​ សិង្ហបុរីមិនមែន​ជាប្រទេសកាន់​លទ្ធិប្រជាធិបតេយ្យ​ដោយជោគជ័យ​មួយនោះឡើយ ​ដោយសារ​ប្រព័ន្ធគណបក្ស​តែមួយរបស់​ប្រទេសអាស៊ាន​មួយនេះ។ លោក Lee បានសង្កត់ធ្ងន់ថា «ដោយគ្រាន់តែ​ប្រជាជនសិង្ហបុរី​បោះ​ឆ្នោតឲ្យរូបខ្ញុំ​ និងគណបក្សរបស់ខ្ញុំ ពុំមែនបង្ហាញថា​ពួកយើងគ្មានភាព​បើកទូលាយ​នោះឡើយ»