(ប៉េកាំង)៖ មនុស្សចំនួន​១០នាក់បានបាត់បង់​ជីវិត រួមជាមួយ​និង៣៨នាក់ផ្សេងទៀត​បានទទួលរង​របួស នៅពេល​ដែលរថយន្ត​ដឹកស៊ីម៉ង់ត៍មួយគ្រឿង​ បានជ្រុលទៅបុក​រថយន្តក្រុងមួយ​គ្រឿងទៀត​ នាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍​នេះ​នៅខេត្ត Yunnan ភាគនិរតី​នៃប្រទេស​ចិន។ នេះ​បើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ការឲ្យដឹងពី​អាជ្ញាធរ​ក្នុងតំបន់កើតហេតុ​នៅព្រឹក​ថ្ងៃសុក្រនេះ ករណីគ្រោះ​ថ្នាក់ចរាចរណ៍​ខាងលើ​ បានកើត​ឡើងនា​​វេលា​ម៉ោង​​១១៖៣៣​​នាទី​​អាធ្រាត នៅ​លើ​​មហា​វិថី​មួយកន្លែង​ក្នុងតំបន់ Yunxian នៃទីក្រុង Lancang។ នៅពេលនោះ​រថយន្តដឹកស៊ីម៉ង់ត៍​​មួយ​គ្រឿង​មានស្លាក​លេខ​មក​ពី​​ខេត្ត Sichuan ដែលនៅ​ក្បែរខាង បានរេចង្កូតធ្លាក់ចេញពី​ផ្លូវបន្ទាប់ពី​បានបុកគ្នាជាមួយ​រថយន្តក្រុងមួយគ្រឿងផ្សេង​ទៀតដែល​មានផ្ទុកមនុស្ស​សរុបចំនួន៤៧នាក់​រួមទាំងអ្នកបើកបរ​ចំនួនពីរនាក់​ផងដែរ បន្ទាប់មកឡានក្រុងនេះ​បានក្រឡាប់​នៅលើផ្លូវ។

គួរបញ្ជាក់ថា​មនុស្សចំនួន០៩នាក់​ត្រូវគេអះអាងថា​ បានបាត់បង់ជីវិត​នៅនឹងកន្លែង​តែម្តង រីឯក្រោយមក​ម្នាក់ទៀត​បានស្លាប់នៅ​ឯមន្ទីរពេទ្យ​។ ព្រមពេល​ជាមួយគ្នាអាជ្ញាធរ​ក៏បានបើកការ​ស៊ើបអង្កេតទៅ​លើហេតុការណ៍​នេះ ខណៈអ្នក​ដែលរងរបួសត្រូវ​បានបញ្ជូនទៅ​ដល់​មន្ទីរ​ពេទ្យ​​ដើម្បី​ទទួល​​ការ​ព្យា​បាល៕