(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបាន និងកំពុងបន្តប្រើប្រាស់ក៏ដូចជា អភិវឌ្ឍន៍សម្ភារៈដ៏ទំនើបៗដើម្បីធ្វើការតាមដាន​ឃ្លាំមើល​តាម​បែប​បច្ចេក​វិទ្យា ទៅ​​លើ​ប្រជា​ពលរដ្ឋ​របស់​​ខ្លួន ដែលកំពុងនិយមប្រើប្រាស់ឧបករណ៍ចល័តរួមមាន​ទូរស័ព្ទដៃជាដើម ដើម្បីធ្វើការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​​​បើ​តាម​​របាយ​ការណ៍​មួយឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅ​យប់ព្រឹកថ្ងៃ​សុក្រ​ ទី០៣ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍មួយដែលមានឈ្មោះថា Compromising Connectivity បានឲ្យដឹងថា កូរ៉េខាងជើងបានអនុញ្ញាត​​ឲ្យ​​​មាន​​​កើន​​​ឡើង​​​​នៃ​​​ការ​​​ប្រើ​ប្រាស់​​ទូរស័ព្ទ​ដៃ​ និង​ការ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេស ជាថ្នូរសម្រាប់ព័ត៌មានលម្អិត​​ដែល​​បណ្តាញ​​ទំនាក់​​ទំនង​​ទាំង​​នោះ​​ផ្តល់​ឲ្យ​​នៅ​ក្នុង​​ការតាមដានប្រជាជនកូរ៉េខាងជើងរបស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង។

លោក Nat Kretchun ដែលជាអ្នករៀបរៀងបាយការណ៍ខាងលើ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «តាម​រយៈ​ការ​ផ្តល់​ឲ្យ​ប្រជាជន​នូវ​បច្ចេកវិទ្យានៃបណ្តាញទាក់ទងថ្មីៗដូចជា ទូរស័ព្ទចល័តនិងថេប្លេត (Tablet) ជាដើមនោះ រដ្ឋាភិបាលកូរ៉េខាង​ជើង​​អាច​​ធ្វើ​​ការ​​តាម​​ដាន ក៏​ដូច​ជា​​​ឃ្លាំ​មើលពីចម្ងាយបានចំពោះអ្វីៗគ្រប់បែបយ៉ាងដែលពលរដ្ឋរបស់ ខ្លួនកំពុងធ្វើនៅលើ​ឧបករណ៍​របស់​ពួក​គេ»។ លោក Kretchun បាន​បន្ថែម​​ដូច្នេះទៀតថា «អាជ្ញាធរនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង​ បានរកឃើញ​មធ្យោបាយ​ដ៏ប៉ិនប្រសប់ ដើម្បីប្រែក្លាយបច្ចេកវិទ្យាថ្មីៗ​ទាំង​នេះ​ប្រឆាំង​​នឹង​​ប្រជាជនកូរ៉េខាងជើងដែលកំពុងប្រើប្រាស់​ពួកវា»

ការទទួលបានទិន្នន័យក៏ដូចជា ព័ត៌មានពីពិភពខាងក្រៅត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងប្រទេសកុម្មុនិស្តមួយនេះ។ តួ​យ៉ាង​កម្មវិធី​ទូរទស្សន៍​របស់​កូរ៉េខាងត្បូង និងភាពយន្តហូលីវូដនានាជារឿយៗត្រូវបានចែករំលែកនៅក្នុងទម្រង់ជាបណ្តាញ​សង្គម​ពិត​ប្រាកដ​ជាក់​ស្តែង គឺការ​ផ្លាស់​ប្តូរ​ឯក​សារ​ (Files) តាមរយៈប្រព័ន្ធប៊ូធូ (Bluetooths) ឬមួយក៏ USB Flash តូចៗ​ដែល​ងាយ​ស្រួល​ក្នុង​ការ​លាក់​បាំង។ ដូច្នេះ​​ដើម្បី​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​​បែប​នេះ កូរ៉េខាងជើងបានចាត់វិធានការដាក់ចេញ​នូវការអាប់ដេតកម្មវិធីជាចាំបាច់ ចំពោះ​រាល់ឧបករណ៍​ចល័ត​ទាំង​ឡាយ ដែលស្ថិតនៅលើ​បណ្តាញទំនាក់ទំនងរបស់ខ្លួន ហើយវានឹងធ្វើការស្វែងរកនិងលុបចោលនូវ File មិន​ស្រប​ច្បាប់នានាដែល​មក​ពី​ខាង​ក្រៅ​។

ម៉្យាងវិញ​ទៀត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​កុំព្យូ​ទ័រ​មានឈ្មោះថា Red Star ដែលត្រូវបានបង្កើតឡើងដោយ​កូរ៉េ​ខាង​ជើង​ផ្ទាល់ អាច​​ធ្វើ​​ការ​ស្កែន​អក្សរ​​នានា​ នៅ​លើ​ឯក​សារ​ដើម្បី​ស្វែង​រក​ពាក្យ​ឬ​ឃ្លាណាមួយ ដែលត្រូវបានចាត់ទុក​ថា អាច​ជះការ​គំរាម​កំហែង​ដល់​របប​ដឹក​នាំ​ទីក្រុង​ព្យុង​យ៉ាង ហើយធ្វើការ​លុប​ចោល​ភ្លាមៗ។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តនៃការតាមដាន និងឃ្លាំមើលប្រជាជនរបស់រដ្ឋាភិបាលកូរ៉េខាងជើង បាន​និង​កំពុង​ទទួល​​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ចាប់តាំងតែពីការកើតមានឡើងនៃអំពើឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរ​បស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរនៃ​ប្រទេសម៉ាឡេស៊ី៕