(សេអ៊ូល)៖ កងទ័ព​កូរ៉េខាងជើង​០៦នាក់​បានឆ្លងកាត់​ព្រំដែនចូល​ក្នុងទឹកដី​ចិន ខណៈក្រុមអាជ្ញាធរចិន កំពុងធ្វើ​ប្រតិបត្តិការ​តាមរកទីតំាង​ដែលពួកគេ​ស្ថិតនៅ ហើយសម្រាប់​រឿងបែបនេះ មិនមែន​ទើបតែ​កើតឡើង​ជាលើកទី​១នោះទេ ត្បិតកងទ័ព​កូរ៉េខាងជើង​មួយចំនួន ធ្លាប់បានប្រព្រឹត្តអំពើឆក់ប្លន់​ក្នុងទឹកដីចិន​ទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រភពដែល​យ៉ុនហាប់​ទទួលបាន កងទ័ពកូរ៉េខាងជើង​ទាំង០៦នាក់​ខាងលើ បាន​ចាកចេញ​ពី​ប៉ុ​ស្ដិ៍ត្រួតពិនិត្យ​របស់ពួកគេ នៅក្បែរតំបន់​ព្រំដែន​កូរ៉េខាងជើង និងចិន​ហើយបាន​ឆ្លងកាត់ព្រំដែន​ដោយខុសច្បាប់​ចូលមកកាន់​តំបន់ Changbai នៃ ខេត្ត Jilin ប្រទេសចិន កាលពីថ្ងៃអង្គារ​កន្លងទៅ។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរចិន​បានព្រមាន​ឱ្យប្រជាជន​នៅក្នុងតំបន់​មានការប្រុងប្រយ័ត្ន​ខ្ពស់ ក៏ដូចជា​ត្រូវរាយការណ៍​ជាបន្ទាន់ បើសិនជា​បានឃើញ​ជនសង្ស័យ​ទំាងនេះ។

គួររំលឹកថា​កាលពី​ខែកក្កដា ឆ្នាំ២០១៦ កងទ័ពកូរ៉េខាងជើង​០៥នាក់​បានចូលប្លន់ផ្ទះ​អ្នកភូមិនៅ​ក្នុងតំបន់ Changbai។ ចំណែកឯ​កាលពី​ខែធ្នូ ឆ្នាំ២០១៤ កងទ័ពកូរ៉េខាងជើងម្នាក់​បានសម្លាប់​ជនជាតិចិន​០៤នាក់ នៅក្នុងអំពើ​ប្លន់មួយ​នៅឯតំបន់​ព្រំដែនចិន​នៃទីក្រុង Helong។ ជាងនេះ​ទៅទៀត​នៅក្នុងឆ្នាំ​ដដែលជនជាតិ កូរ៉េខាងជើង​ម្នាក់ផ្សេងទៀត ក៏បានសម្លាប់​ប្ដីប្រពន្ធចិន០២នាក់​ផងដែរ នៅតំបន់ Yangji​ និងបានប្លន់​យកប្រាក់ពី​ជនរងគ្រោះ​អស់២.៩០០ដុល្លារអាមេរិក មុននឹងត្រូវបានអាជ្ញាធរ​ចាប់ខ្លួន នៅពេល​ព្យាយាម​រត់ទៅកាន់​ទីក្រុងប៉េកាំង៕