(គូឡាឡាំពួ)៖ ម៉ាឡេស៊ី​នឹងលុបចោល​ការលើកលែងទិដ្ឋាការ​ចូលក្នុងប្រទេស​របស់ខ្លួន ចំពោះប្រជាជន ឬពលរដ្ឋ​មកពីប្រទេស​កូរ៉េខាងជើង ដោយអាចនឹងត្រូវចាប់ផ្ដើមនៅថ្ងៃចន្ទ​សប្ដាហ៍ក្រោយ​នេះតទៅ។ នេះបើតាម​សាររព័ត៌មាន​ម៉ាឡេស៊ី Bernama ផ្អែកលើការ​បញ្ជាក់ពីឧបនាយករដ្ឋ​មន្រ្តី លោក Ahmad Zahid Hamidi ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹងទៀត​ថា ការសម្រេច​ចិត្តបែប​នេះធ្វើឡើង​បន្ទាប់ពី​បុរសកូរ៉េខាងជើង​ម្នាក់កាន់​លិខិតឆ្លងដែន​ឈ្មោះ គីម ចុល ដែលគេជឿជាក់ថា​លោក គីម ជុងណាំ បងប្រុសម្ដាយ​ទីទៃ​របស់លោក គីម ជុងអ៊ុន ត្រូវបាន​ឃាតករស្រីពីរ​នាក់សម្លាប់ នៅឯព្រលាន​យន្ដហោះ​អន្តរជាតិទីក្រុង​គូឡាឡាំពួ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។

គួរបញ្ជាក់ថា​ដោយសារតែ​អំពើឃាតកម្ម​លើលោក គីម ជុងណាំ ទំនាក់ទំនង​ការទូតរវាង​កូរ៉េខាងជើង និងម៉ាឡេស៊ីប្រែជាអាក្រក់ខ្លាំង ដោយខាង​ទីក្រុង​ព្យុងយ៉ាងចោទប្រកាន់ថា ម៉ាឡេស៊ី បានផ្សំគំនិតជាមួយទីក្រុងសេអ៊ូល​ប្រឆាំងនឹង​ខ្លួន ព្រមទំាងពន្យាពេល​ប្រគល់​សាកសព ក៏ប៉ុន្តែម៉ាឡេស៊ី​បានច្រានចោល​ការចោទប្រកាន់​ទាំងនេះ ខណៈដែលខ្លួនកំពុងបន្តការស៊ើបអង្កេតនៅឡើយ៕