(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា នឹងចាត់​វិធានការយោធា​​ឥតត្រាប្រណី ប្រឆាំង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកំពុងដឹកនាំ​ការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ប្រចាំឆ្នាំ ដោយមានការ​ចូលរួមពីអាវុធយុទ្ធសាស្ត្រទំនើបៗ​ជាច្រើន ក្នុងនោះរួមមានទំាងយន្ដហោះចម្បាំងធុន F-35B ដ៏មានអានុភាពទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​មួយដែលមាន​ចំណងជើង​ថា «យើងនឹង​កម្ទេច​សត្រូវរបស់​យើង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ដ៏យុត្តិធម៌» អ្នកនាំពាក្យ​យោធា​កូរ៉េខាងជើង បានលើក​ឡើងថា «ស្របពេល​ដែលចក្រពត្តិ​អាមេរិក និងអាយ៉ង​កូរ៉េខាងត្បូង កំពុងលេងល្បែងសង្រ្គាមឈ្លានពាន​ភាគខាងជើង យើងនឹង​ធ្វើការ​ឆ្លើយតប ដោយកម្លំាង​យោធា​គ្មានត្រាប្រណី ដូចដែលយើង​បានសន្យា»។ ទោះជាយ៉ាងណា​នេះមិនមែន​ជាលើកទីមួយ​នោះទេ ដែលទីក្រុងព្យុងយ៉ាង​ព្រមាន​ប្រើប្រាស់កម្លាំងយោធា​ វាយប្រហារលើ​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពោលគឺវា​អាចគ្រាន់តែ​ជាការព្រមាន​គ្មានសកម្មភាព​ដូចរាល់ដងតែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា​សមយុទ្ធយោធារួមគ្នា​ប្រចាំឆ្នាំ​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ឈ្មោះថា Foal Eagle បានចាប់ផ្ដើម​កាលពី​ថ្ងៃពុធ ដោយនឹងត្រូវ​ចំណាយពេលដល់​ជាងពីរខែ ជាមួយនឹង​ការចល័តនាវា​ដឹកយន្ដហោះ USS Carl Vinson ចម្បាំង​អាមេរិក​ធុន F-35B និងអាវុធយុទ្ធសាស្ត្រ​ជាច្រើនទៀតនៃ​ប្រទេសទំាងពីរ៕