(អាមេរិក)៖ នាយកប្រតិបត្តិ​ក្រុមហ៊ុនបច្ចេកវិទ្យា​ផ្នែកអវកាស SpaceX លោក Elon Musk នៅថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅសហរដ្ឋ​​អាមេរិក) បានលាត​ត្រដាងអំពី​គំរោងមហិច្ឆតាមួយ​សំដៅនាំយក​ភ្ញៀវទេសចរ​អវកាស​ឯកជនចំនួន​ពីរនាក់​ ទៅធ្វើដំណើរ​កម្សាន្ត​ជុំវិញព្រះចន្ទ​នៅឆ្នាំ២០១៨​ខាងមុខនេះ។ ព្រមពេលជា​មួយគ្នា​ការបោះជំហាន​នេះ​ទទួលបាន​ការកោតសរសើរ​ពីទីភ្នាក់ងារ​អវកាស NASA រួម​ជាមួយ​ការ​ក្រើន​​រំលឹកយ៉ាងច្បាស់​មួយផងដែ​រថា NASA រំពឹងថា SpaceX នឹងបំពេញ​កាតព្វ​កិច្ចដទៃផ្សេង​ទៀតរបស់​ខ្លួន ខណៈពេល​ដែលកំពុងខិត​ខំ​ប្រឹង​ប្រែង​រឿងព្រះច័ន្ទ។ នេះបើតាម​ការចេញ​ផ្សាយដោយ​គេហទំព័រ​វិទ្យាសាស្រ្ត Space.com នៅមុននេះ​បន្តិចនារសៀល​ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងសន្និសីទ​កាសែត​មួយជាមួយ​ក្រុមអ្នក​សារព័ត៌មាន​លោក Elon Musk បាននិយាយថា​ក្រុមហ៊ុន SpaceX នឹងនាំ​យកមនុស្ស​ចំនួនពីរ​​នាក់ដែលបាន​បង់ថ្លៃធ្វើដំណើរ​ទៅធ្វើការ​ទស្សនា​កម្សាន្ត​ជុំវិញព្រះច័ន្ទ ដោយប្រើប្រាស់​យានដឹក​ជញ្ជូន Dragon និងគ្រាប់រ៉ុក្កែត​ដ៏ធំសម្បើម Falcon Heavy ហើយឧបករណ៍​ទាំងពីរនេះនឹងឆ្លង​កាត់ការបង្ហោះ​សាកល្បង​នៅចុង​ឆ្នាំ២០១៧នេះ។

បន្ទាប់ពីលឺ​ដំណឹងនេះអង្គការ NASA បានចេញ​សេចក្តីថ្លែងការណ៍មួយដូច្នេះ​ថា «ទីភ្នាក់ងារ​អវកាស NASA សូមធ្វើ​ការកោតសរសើរ​ចំពោះដៃគូ​ឧស្សាហកម្ម​របស់ខ្លួន​ សម្រាប់ការវិវឌ្ឍឈាន​ទៅមុខយ៉ាង​រីកចម្រើន​បែបនេះ ហើយយើង​នឹងចូលរួម​សហការ​កាន់តែជិតស្និទ្ធ​បន្ថែម​ទៀត​ជាមួយ SpaceX ដើម្បីធានា​ថាក្រុមហ៊ុននេះ​នឹងបំពេញកាតព្វ​កិច្ច​នៃកិច្ចសន្យា​ក្នុងការត្រឡប់​ទៅធ្វើការបញ្ជូន​ និងនាំយក​អវកាសយានិក​ និងនៅ​តែបន្តដឹកជញ្ជូន​គ្រឿងបរិក្ខា​ផ្គត់ផ្គង់ដោយជោគជ័យ​ទៅកាន់ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ដូចដើម​ដដែល»

ដោយឡែកនៅ​ក្នុងគំរោងរបស់ក្រុមហ៊ុន SpaceX អ្នកដំណើរនឹងធ្វើ​ទេសចរណ៍លើ​យានអវកាស Dragon ទៅវិញទៅមក​នៅជុំវិញព្រះច័ន្ទ ដោយហោះឆ្វែល​ពីលើផ្ទៃដី​របស់វា​នៅរយៈចម្ងាយ​ដ៏កកៀក​បំផុតមួយ និងហោះចាកចេញ​ពីចម្ងាយដល់ប្រមាណជា​៦៥០,០០០គីឡូម៉ែត្រពី​ភពផែនដី​នៅរយៈចម្ងាយ​ដ៏ឆ្ងាយបំផុត ហើយដំណើរ​កម្សាន្ត​ទាំងមូលគួរតែចំណាយ​ពេលវេលាចំនួន​ប្រាំថ្ងៃ។

ក្រុមហ៊ុ​ន​ឯកជន SpaceX មានជាប់​កិច្ចសន្យា​មួយតម្លៃ​២.៦ពាន់លានដុល្លារ​ជាមួយទីភ្នាក់ងារ​អវកាស NASA ស្តីពីការ​ដឹកជញ្ជូន​អ្នកអវកាស​​ទៅ​និងមក​ពីស្ថានីយ៍អវកាស​អន្តរជាតិ ISS តាមរយៈ​ការប្រើប្រាស់​យានអវកាស Dragon និងគ្រាប់​រ៉ុក្កែត Falcon 9 ដែលមាន​ទំហំតូចជាង​គ្រាប់​រ៉ុក្កែត Falcon Heavy ដែលគ្រោង​នឹងបង្ហោះទៅ​កាន់ព្រះច័ន្ទ។ ការហោះហើរ​ទាំងនោះត្រូវបាន​ឧបត្ថម្ភដោយ​កម្មវិធីរបស់​អង្គការ NASA ហើយ​ត្រូវបានរំពឹងថា​ចាប់ផ្តើមនៅ​ឆ្នាំ២០១៨ ក៏ប៉ុន្តែ​សេចក្តីរាយការណ៍​មួយនាពេលថ្មីៗ​នេះ មកពីការិយាល័យ​គណនេយ្យ​នៃរដ្ឋាភិបាល​អាមេរិក បានឲ្យដឹងថា​ការបញ្ជូនអវកាស​យានិករបស់ NASA តាមយាន Dragon របស់ SpaceX ទំនងជានឹង​ត្រូវបានពន្យាពេល​រហូតដល់​ឆ្នាំ២០១៩​។

ម៉្យាងវិញទៀតក្រុមហ៊ុន SpaceX ក៏តែងតែ​បានធ្វើការដឹក​ជញ្ជូនគ្រឿងបរិក្ខា​ផ្គត់ផ្គង់ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ISS ចាប់តាំងពី​ឆ្នាំ២០១២​ មកផងដែរ​នៅក្រោមកិច្ច​សន្យាដាច់​ដោយឡែកមួយ​ផ្សេងទៀតជា​មួយទីភ្នាក់ងារ​អវកាស NASA។ គួរបញ្ជាក់ថា​លោក Elon Musk ដែលជា CEO របស់ SpaceX មិនបានបង្ហើប​ឲ្យដឹងថា​អ្នកណាដែលបាន​ទិញសំបុត្រដើម្បី​ទៅកម្សាន្តជុំវិញព្រះច័ន្ទ​នៅលើយាន Dragon ឬមួយក៏​តម្លៃ​​នៃ​ការ​ធ្វើដំណើរ​ទេសចរណ៍នេះ​ក្នុងម្នាក់នោះ​ឡើយ៕