(ម៉ិចស៊ីកូ)៖ ប្រធានាធិបតី​ម៉ិចស៊ីកូ លោក អែនរីក ផេណា នាតូ (Enrique Pena Nieto) បានប្រាប់​​ឱ្យអគ្គរដ្ឋទូតថ្មី​ប្រចាំ​សហរដ្ឋអាមេរិក លោក ហ្គេរ៉ូនីម៉ូ ហ្គូទ្យែរ៉េស ហ្វែណាន់ដែស (Geronimo Gutierrez Fernandez) ប្រើប្រាស់​សមត្ថភាព និងលទ្ធភាពរបស់ខ្លួន​ស្ដារ និងបង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយ​រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

យោងតាម​សេក្ដីថ្លែងការណ៍​ចេញផ្សាយដោយ​ខុទ្ទកាល័យ​ប្រធានាធិបតី នៅក្នុងជំនួបជាមួយ លោក ផេណា នាតូ លោក ហ្វែណាន់ដែស បានផ្ដោតសំខាន់លើ​ផលប្រយោជន៍ និងការគោរព​សិទ្ធិប្រជាជន​ម៉ិចស៊ីកូ នៅក្នុង​សហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខ​នឹងការបណ្ដេញ​ចេញមកកាន់​ម៉ិចស៊ីកូវិញ អនុឡោមតាម បទបញ្ជាថ្មី​របស់លោក ដូណាល់ ត្រាំស្ដីពីជន​អន្តោប្រវេសន៍​ខុសច្បាប់។

ការតែងតំាង​លោក ហ្វែណាន់ដែស ជាអគ្គរដ្ឋទូតថ្មី​ប្រចាំទីក្រុង​វ៉ាស៊ីនតោន ធ្វើឡើង នៅចំពេល​ដែល​សហរដ្ឋអាមេរិក និងម៉ិចស៊ីកូ​កំពុងមានភាពតានតឹង​គ្នាផ្នែក​ការទូត​ដោយសារ​តែរឿង លោក ត្រាំ ឱ្យរដ្ឋាភិបាល​ម៉ិចស៊ីកូ​ចេញលុយ​សាងសង់ជញ្ជាំង​នៅតាមតំបន់​មួយចំនួននៃ​បណ្ដាយព្រំដែន​រវាងប្រទេស​ទំាងពីរ តាមរយៈ​ការអនុវត្តន៍​ពន្ធ២០ភាគរយ​លើការនាំចូល​របស់ម៉ិចស៊ីកូ។ គួរបញ្ជាក់ថា​លោក ហ្វែណាន់ដែស ធ្លាប់កាន់តំណែង​ជាអនុរដ្ឋមន្ត្រី​ការបរទេសម៉ិចស៊ីកូ​ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦៕