(វ៉ាស៊ីនតោន)៖ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងមិន​ទទួលស្គាល់​ឡើយ រាល់ការ​សម្រេចចិត្ត​នៃអង្គការពាណិជ្ជ​កម្ម​ពិភពលោក (WTO) ពាក់ព័ន្ធ​នឹងពាក្យបណ្ដឹង​របស់ទីក្រុង​ប៉េកាំង ដែលប្ដឹង​សហរដ្ឋអាមេរិក និងសហភាព​អឺរ៉ុប​សម្រាប់ការរាំងខ្ទប់​សំណើ ដែលចិន​ចង់ឱ្យគេ​ចាត់ទុកខ្លួន ថាជា «ប្រទេសសេដ្ឋកិច្ចទីផ្សារ» អនុឡោម​តាមច្បាប់ស្ថាប័ន​មួយនេះ។ ទីក្រុងវ៉ាស៊ីនតោន​កំពុងមើល​ឃើញថា​ ការសម្រេច​ចិត្តរបស់ WTO គឺប្រឆាំង​នឹងដែនអធិបតេយ្យភាព​អាមេរិក។ នេះបើតាមសារព័ត៌មាន Financial Times ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

យោងតាម Financial Times សេចក្ដីព្រាង​របាយការណ៍​មួយ​នៃក្រុមមន្ត្រីសេតវិមាននឹងត្រូវបញ្ជូន​ទៅកាន់​សភាអាមេរិក​នៅថ្ងៃពុធសប្តាហ៍នេះ។ របាយការណ៍ នេះដដែលបាន​ឱ្យដឹង​ទៀតថា «ចាប់តាំង​ពីសហរដ្ឋអាមេរិក​បានទទួល​ឯករាជ្យ មូលដ្ឋានគ្រឹះ​ដ៏សំខាន់នៃ​ប្រទេសរបស់​យើង ​នោះគឺថា​ប្រជាជន​អាមេរិក ត្រូវដាក់ឱ្យ​នៅក្រោម​ការអនុវត្ដន៍​ច្បាប់ ឬបទបញ្ញតិរបស់រដ្ឋាភិបាល​អាមេរិក​តែមួយ​ប៉ុណ្ណោះ ពោលមិនមែន​អាស្រ័យ​ទៅលើការ​សម្រេចចិត្ត​ពីរដ្ឋាភិបាល បរទេស ឬអង្គការ​ស្ថាប័ន​អន្តរជាតិ​ណាមួយ​ជា​ដាច់ខាត។ ដូច្នេះ​រដ្ឋបាល​លោក ដូណាល់ ត្រាំ នឹងការពារ​ដែនអធិបតេយ្យភាព​អាមេរិក ទាក់ទិននឹងបញ្ហាគោលនយោបាយ​ពាណិជ្ជកម្ម»

គួរបញ្ជាក់ថា​សភាអាមេរិក​បានស្នើឱ្យ​លោក ត្រាំ ផ្ញើគោល​នយោបាយ​ពណិជ្ជកម្ម​ប្រចាំឆ្នាំនៃ​រដ្ឋាភិបាលរបស់​លោក នៅថ្ងៃទី០១ ខែមីនានេះ ដើម្បីទទួលការពិនិត្យនិងសម្រេច៕