(សេអ៊ូល)៖​ សមយុទ្ធយោធា​រួមគ្នាប្រចាំឆ្នាំ​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ឈ្មោះថា Foal Eagle បានចាប់ផ្ដើម​ហើយ​នៅថ្ងៃពុធនេះ ដោយវានឹងត្រូវចំណាយ​ពេលដល់ទៅជាងពីរខែឯណោះ ជាមួយនឹង​ការចល័ត​នាវាដឹកយន្ដហោះ​ USS Carl Vinson និងអាវុធយុទ្ធសាស្ត្រ​ជាច្រើន​នៃប្រទេស​ទំាងពីរ​បើទោះបី​ជាកំពុងមាន​ភាពតានតឹង និងការព្រមាន​ពីកូរ៉េខាងជើង​ក៏ដោយ។​ នេះបើតាម​ការដកស្រង់ព័ត៌មាន​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

សមយុទ្ធយោធា​ទ្រង់ទ្រាយធំ​នេះ ធ្វើឡើងស្រប​ពេលស្ថានភាព​នៅក្នុងឧបទ្វីប​កូរ៉េ​កំពុងឡើងកម្ដៅ បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង​បាញ់សាកល្បង​មីស៊ីលផ្លោង កាលពី​ថ្ងៃទី១២ ខែកុម្ភៈព្រមទំាង​ព្រមាន​ធ្វើការឆ្លើយតប​ដោយកម្លំាង​យោធា​សងសឹក​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។​ យោងតាមមន្ត្រីយោធាកូរ៉េខាងត្បូង សមយុទ្ធយោធា Foal Eagle មាន​រយៈពេលពីរ​ដោយរាប់ចាប់ពី​ថ្ងៃពុធនេះ រហូតដល់​ដំណាច់​ខែមេសា ក៏ប៉ុន្តែគេពុំទទួលបានការ​បញ្ជាក់អ្វីលម្អិត ​លើសពីនេះទៀតឡើយ។

គួរបញ្ជាក់ថា​សមយុទ្ធយោធា Foal Eagle កាលពី​ឆ្នាំ២០១៦​មានកងទ័ព​អាមេរិក ១៧,០០០នាក់ និងកងទ័ព​កូរ៉េខាងត្បូង​ច្រើនជាង ៣០០,០០០នាក់​ចូលរួម។ បន្ថែមពីនេះរាល់ការធ្វើសមយុទ្ធ​យោធា របស់សម្ព័ន្ធមិត្ត​ទំាងពីរតែងតែធ្វើកូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក និងព្រមានប្រើ​កម្លំាងយោធា​វាយប្រហារ សងសឹក។ ជាក់ស្ដែង​នៅព្រឹកថ្ងៃពុធនេះ ស្ថានីយទូរទស្សន៍​រដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍​ថា លោក គីម ជុងអ៊ុន បានធ្វើអធិការ​កិច្ចនៅឯទីបញ្ជាការយោធា​ដ៏ធំមួយ ដោយលោក​ថែមទាំងបាន​ចេញបញ្ជា​ឱ្យយោធា​របស់ខ្លួន ត្រូវបង្កើន​ការត្រៀមខ្លួន​ដើម្បីប្រយុទ្ធ​ទៀតផង ត្បិតសម្រាប់​ទីក្រុងព្យុងយ៉ាង ការធ្វើសមយុទ្ធ​យោធា​រវាងទីក្រុង​សេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន គឺជាសកម្មភាព​ត្រៀមវាយលុក​ចូលកូរ៉េខាងជើង៕​