(ហ្ស៊ឺណែវ)៖ ប្រទេសកូរ៉េខាងជើងបានចេញមុខទាត់ចោល នូវការចោទប្រកាន់ពីទីភ្នាក់នៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលថា ខ្លួនមានលាក់អាវុធគីមីចំនួនពី ២,៥០០តោន ទៅ៥,០០០តោន គឺវាមិនមែន​ជាការពិត​នោះឡើយ។ នេះ​បើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ នាព្រឹក​ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

លោក Ju Yong-chol តំណាងនៃ​បេសកកម្មរបស់​ប្រទេសកូរ៉េខាងជើង​ប្រចាំសន្និសីទ​ទីក្រុងហ្ស៊ឺណែវ បានធ្វើ​ការអះអាង​ដូចខាងលើនេះ នៅចំពោះមុខអង្គប្រជុំដ៏ធំ​ក្នុងទីក្រុងហ្ស៊ឺណែវ​នៅថ្ងៃអង្គារ​សប្តាហ៍នេះ។ ការចោទប្រកាន់​កូរ៉េខាងជើង​បែបនេះ គឺមានជាប់ពាក់ព័ន្ធនឹង​សារធាតុគីមី VX ដែលក្រុមជំនាញ​ម៉ាឡេស៊ី​អះអាង​ថា​ជាសារធាតុពុល​ដ៏អាក្រក់ត្រូវបានយកចេញពីអាវុធគីមី ដែលជនសង្ស័យ​កូរ៉េខាងជើង​ប្រើប្រាស់​ដើម្បីបំពុល​​លោក គីម ជុងណាំ បងប្រុសមេដឹកនាំ​កំពូលកូរ៉េខាងជើង​រហូតដល់ស្លាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

លោក Ju បានអះអាង​នៅមុខអង្គប្រជុំ​យ៉ាងដូច្នេះថា «ប្រទេស​កូរ៉េខាងជើង​មិនដែល​ផលិត ឬស្តុក ឬក៏ប្រើប្រាស់​អាវុធគីមីនោះឡើយ ហើយយើងពិត​ជាស្អាតស្អំ​ក្នុងរឿងនេះ»។ តំណាងទីក្រុ​ព្យុងយ៉ាងរូប​នេះ​ក៏បានទាត់ចោល​ផងដែរ ចំពោះការទាមទាររបស់រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​ ដែលចង់ឲ្យ​មានការ​ព្យួរសមាជិកភាព​របស់កូរ៉េខាងជើង​នៅអង្គការសហប្រជាជាតិនោះ។

គួរបញ្ជាក់ថា​រហូតមកដល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ី​បានកំណត់ជនសង្ស័យ​ដែលត្រូវចាប់ខ្លួនក្នុងករណី​ឃាតកម្មលើលោក​ គីម ចំនួន០៨នាក់ (សុទ្ធសឹងតែជាជនជាតិកូរ៉េខាងជើង រួមទាំងមន្ត្រីទូត) ប៉ុន្តែរដ្ឋាភិបាល​កូរ៉េខាងជើង តាមរយៈស្ថានទូត​ប្រចាំទីក្រុង​គូឡាឡាំពួរ បានចេញមុខ​បដិសេធ​អំពីការជាប់ពាក់ព័ន្ធ និងបន្តមិនទទួលស្គាល់​ជនរងគ្រោះថាជាលោក គីម ជុងណាំ នោះឡើយ៕