(​ញូយ៉ក)៖ ប្រទេសរុស្ស៊ី និងចិន​បានប្រើសិទ្ធិជំទាស់ ឬវ៉េតូលើដំណោះស្រាយយូអិន គាំទ្រ​ដោយ​មហាអំណាច​លោកខាងលិច​ ស្ដីពីការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹងស៊ីរី សម្រាប់ការ​ប្រើប្រាស់​អាវុធគីមី។ នេះបើ​តាមការ​ចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

វិធានការណ៍ទណ្ឌកម្ម​ខាងលើ​រៀបរៀង​ឡើង​ដោយ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក បានទទួល​ការគាំទ្រ ០៩សំឡេង​នៅក្នុងការបោះឆ្នោត​នៅក្រុមប្រឹក្សា​សន្តិសុខ​កាលពី​ថ្ងៃអង្គារ (ម៉ោង​នៅក្នុង​ទីក្រុងញូយ៉ក) ខណៈចិន រុស្ស៊ី និងបូលីវី​បានជំទាស់ ឬវ៉េតូ រីឯកាហ្សាក់ស្ថាន អេត្យូពី និងអេហ្ស៊ីប បានបោះឆ្នោត​អនុប្បវាទ។

ដោយឡែក​ជុំវិញការជំទាស់​នេះដែរ អគ្គរដ្ឋទូត​អាមេរិក​ប្រចំាយូអិន​លោកស្រី Nikki Haley បាន​សម្ដែង​ការសោកស្ដាយ​ដោយលើក​ឡើងថា «ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​នេះ ពិតជា​សមរម្យ​ជាទីបំផុត។ ប៉ុន្តែ​ថ្ងៃនេះ​ជាពេលវេលា​ដ៏សោកសៅ​នៅក្រុម​ប្រឹក្សាសន្តិសុខ នៅពេល​សមាជិក​មួយចំនួន​ចាប់ផ្ដើម​រកលេស​សម្រាប់​រដ្ឋជាសមាជិក​ដទៃ​ សម្លាប់​ប្រជាជន​របស់ខ្លួនឯង ដែលនេះ​អាចបញ្ជាក់ថា​ពិភពលោក​កាន់តែមាន​គ្រោះថ្នាក់»

គួរបញ្ជាក់ថា​ផ្អែកលើ​ដំណោះស្រាយ​របស់ អង់គ្លេស បារំាង និងសហរដ្ឋអាមេរិកមេបញ្ជាការ​យោធា​ស៊ីរី​១១រូប និងអង្គភាពចំនួន១០ មានជាប់ពាក់​ព័ន្ធនឹងការ​ប្រើប្រាស់​អាវុធគីមី​នៅចន្លោះ​ឆ្នាំ២០១៤ និង២០១៥ ត្រូវបាន​បញ្ចូល​ទៅក្នុងបញ្ជី​ខ្មៅ​នៃទណ្ឌកម្ម​យូអិន។ ប៉ុន្តែចិនជាពិសេសគឺរុស្ស៊ីតែម្តង បានប្រើ​សិទ្ធិ​វ៉េតូ​ជា​លើក​ទី០៧ ដើម្បីការពារ​របបដឹកនាំ​ស៊ីរីបច្ចុប្បន្ន​របស់លោក បាស្សា អាល់ អាស្សាដ។ ម្យ៉ាងវិញទៀត មុននឹងមានការបោះឆ្នោត ប្រធានាធិបតី​រុស្ស៊ីក៏បាន​និយាយទុកជា​មុនដែរថា ទីក្រុងម៉ូស្គូ​នឹងជំទាស់​នឹងការដាក់ទណ្ឌកម្ម​ប្រឆាំងស៊ីរី ត្បិតវា​នឹងធ្វើឱ្យប៉ះពាល់​ដល់កិច្ចចរចា​សន្តិភាពក្នុង​ទីក្រុងហ្សឺណែវ៕