(ហ្សឺណែវ)៖ កូរ៉េខាងត្បូង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ «ចាត់វិធានការរួមមួយ» ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការប្រើប្រាស់អាវុធគីមី សម្លាប់លោក លោក គីម ជុងណាំ បងប្រុសម្ដាយទីទៃ របស់លោក គីម ជុងអ៊ុន ហើយបើអាចទៅរួចទីក្រុងព្យុងយ៉ាង គួរតែត្រូវបានព្យួរ ពីកៅអីជាសមាជិកអង្គការ សហប្រជាជាតិ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក យ៉ុន ប៊ីយ៉ុងសេ (Yun Byung-se) ដកស្រង់ដោយសារព័ត៌មាន Channel News Asia​ នៅ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់ លោក យ៉ុន ប៊ីយ៉ុងសេ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសថា នឹងធ្វើការចោទប្រកាន់ជាផ្លូវការ លើស្រី្តជាជនសង្ស័យពីរនាក់ ពីបទមនុស្សឃាតលើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡំាពួ។
លោក យ៉ុន បានគូសបញ្ជាក់ នៅក្នុងសន្និសិទស្ដីពីការកាត់បន្ថយអាវុធ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដូច្នេះថា៖ «ការប្រើប្រាស់អាវុធគីមី គឺជាការដាស់តឿនមួយ ដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការ ដាក់ទណ្ឌកម្ម ក្នុងនោះរួមមានទំាងការព្យួរកៅអីជាសមាជិកភាព នៃអង្គការ សហប្រជាជាតិរបស់កូរ៉េខាងជើង ស្របពេលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានចង្អុលដាក់ ទីក្រុងព្យុងយ៉ាង ថាបានប្រើប្រាស់អាវុធគីមីសម្លាប់មនុស្ស (លោក គីម ជុងណាំ) នៅក្នុងប្រទេសទីបី ដែលនេះគឺជាសារមួយដ៏ច្បាស់ផ្ញើទៅកាន់ពិភពលោក ទាំងមូល»

គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក របបដឹកនាំលោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជាឱ្យឃាតករសម្លាប់លោក គីម ជុងណាំ។ ក៏ប៉ុន្តែ កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់នេះ៕

លោក យ៉ុន ប៊ីយ៉ុងសេ