(ហាណូយ)៖ ពិធីលើក​ទង់ជ័យ​ដ៏គគ្រិកគគ្រេងមួយ ត្រូវបានប្រារព្ធឡើងនាថ្ងៃអង្គារនេះសម្រាប់​នាវាមុជទឹក​ចំនួនពីរគ្រឿង​ដែលទើបទទួល​បាន​នា​ពេលថ្មីៗ​នេះ​ ក្នុង​​កំពង់​ផែ​យោធា​មួយកន្លែង​របស់កងពលតូច​នាវាមុជទឹក​លេខ១៨៩ ដែលស្ថិត​នៅខេត្ត​តំបន់ឆ្នេរ Khanh Hoa ភាគ​កណ្តាល​​ឈៀង​ខាង​កើត​​នៃ​ប្រទេស​វៀតណាម។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅមុននេះ​បន្តិចនា​រសៀល​​​ថ្ងៃ​អង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

នាវាមុជទឹកទាំង​ពីរគ្រឿងខាងលើ​ដែលមានឈ្មោះ​ថា Da Nang និង Ba Ria-Vung Tua គឺជាចំនួន​ចុងក្រោយ​បង្អស់នៅក្នុង​ចំណោម​នាវាមុជទឹក​​ប្រភេទ Kilo ទាំង០៦​គ្រឿង​ដែលវៀតណាម​បានធ្វើការបញ្ជា​ទិញពីប្រទេស​រុស្ស៊ី បន្ទាប់ពីការ​ចុះហត្ថលេខា​លើកិច្ចសន្យា​មានតម្លៃជិត​ពីរពាន់លាន​ដុល្លារ​សហរដ្ឋអាមេរិក​រវាងវៀតណាម​ និងរុស្ស៊ី​កាលពី​ឆ្នាំ២០០៩។ ​

ថ្លែងនៅ​ក្នុងពិធីនេះ​នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc បានលើក​ឡើងថា​ការទទួល​បាននាវាមុជ​ទឹកថ្មីនេះ បានផ្តល់​ទំនុកចិត្ត​​ក៏ដូចជាការជឿជាក់​​​យ៉ាង​​រឹង​មាំ​ថែមទៀត​​ដល់ផែន​ការយុទ្ធសាស្រ្ត​របស់​ប្រទេស ដែល​បានសំដៅ​ពង្រឹងសមត្ថភាព​ការពារជាតិ​នៅតាមផ្ទៃ​សមុទ្រ​ និងជំរុញ​សមត្ថភាព​កងទ័ពយោធាជើងទឹក​របស់វៀតណាម​មិនឲ្យចាញ់កងទ័ពជើង​ទឹកប្រទេសដទៃៗ​ទៀតនៅក្នុងតំបន់ និងជុំវិញ​ពិភពលោក​​នោះឡើយ។

គួរបញ្ជាក់ថា​សរុបមកប្រទេសវៀតណាម​បានទទួល​នាវាមុជទឹក​ផលិតឡើង​ដោយរុស្ស៊ី​ចំនួន០៦គ្រឿង​កាលពីខែមករា​ និងមីនា ឆ្នាំ២០១៤ ​ព្រម​ទាំង​ខែកុម្ភៈ​និងមិថុនា ឆ្នាំ២០១៥ ក៏ដូចជា​ខែកុម្ភៈ ឆ្នាំ២០១៦ និង​ខែមករា ឆ្នាំ២០១៧។ នាវាមុជទឹក​និមួយៗ​មានបណ្តោយ​ប្រវែងជិត​​៧៤ម៉ែត្រ​ និង​ទម្ងន់ពី​៣,០០០​ទៅ​៣,៩៥០តោន ហើយពួកវា​មានសមត្ថភាព​ធ្វើប្រតិបត្តិការ​នៅក្នុងជម្រៅ​ទឹកជាអតិបរមា៣០០ម៉ែត្រ ជាមួយនិង​ល្បឿន​ជាង​៣០គីឡូម៉ែត្រ​ក្នុងមួយម៉ោង និងអាចផ្ទុកសហសេវិក​ចំនួន៥២នាក់បាន៕