(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិក​អាមេរិក បានយល់ព្រមបោះ​ឆ្នោតអនុម័ត​ហើយ​នៅថ្ងៃចន្ទ (ម៉ោងនៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន) ដោយទទួល​ស្គាល់​លោក Wilbur Ross ជារដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដែលនឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការបង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម របស់​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល លោក ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Wilbur Ross ត្រូវបាន​ព្រឹទ្ធសភា​អនុម័តតែងតាំង​ជារដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក្នុងសំឡេង​គាំទ្រ៧២ ទល់នឹង២៧សំឡេង ជាមួយការគាំទ្រ​យ៉ាងច្រើនលើសលប់​ពីក្រុមព្រឹទ្ធសមាជិក​មកពីគណបក្ស​ប្រជាធិបតេយ្យ។ លោក Ross នឹងត្រូវដើរ​តួនាទី ដើម្បី​បង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម​ និងការធ្វើកិច្ចចរចា​ពាណិជ្ជកម្ម​សម្រាប់រដ្ឋាភិបាល​លោក ត្រាំ។

គួរបញ្ជាក់ថា លោក Wilbur Ross ក៏បានប្រាប់ព្រឹទ្ធ​សមាជិក​អាមេរិក​ដែរថា ការចរចា​ឡើងវិញ លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាងជើង (​NAFTA) គឺជាអាទិភាពមួយ​សម្រាប់រដ្ឋបាល​លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែទន្ទឹមគ្នា​នោះ បុរសវ័យ៧៩ឆ្នាំ​បានបញ្ជាក់ថា លោកមិន​មាន​បំណងធ្វើសង្រ្គាម​ពាណិជ្ជកម្ម ជាមួយ​ប្រទេសជាដៃគូ​ណាមួយនោះទេ ព្រោះលោក​មិនមែនជា​មនុស្សប្រឆាំង​នឹងការធ្វើ​ពាណិជ្ជកម្ម៕