(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់​អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅថ្ងៃចន្ទ​សប្ដាហ៍នេះ ដើម្បីរកវិធីសាស្ត្រ​ល្អបំផុត​ក្នុងការអនុវត្តន៍ឱ្យមាន​ប្រសិទ្ធភាព សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំងនឹង​​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​​កូរ៉េខាងជើង ចំពេលដែលមន្ត្រី​ជាន់ខ្ពស់ចិន​បំពេញទស្សនកិច្ច​មកកាន់​ទីក្រុង​វ៉ាស៊ីនតោន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channe News Asia​ នៅព្រឹកថ្ងៃអង្គារ ទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៧។

ជំនួបប្រជុំ​នៅក្នុង​ទីក្រុងវ៉ាស៊ីនតោន​នេះ ធ្វើឡើង​បន្ទាប់ពីអ្នក​ជំនាញយូអិន​បានព្រមានថា ទីក្រុងព្យុងយ៉ាង បានរំលោភ​លើសេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​ដែលមានស្រាប់ ខណៈទីប្រឹក្សា​រដ្ឋចិន​លោក យ៉ាង ជីឈី ជួបពិភាក្សា​ជាមួយមន្ត្រីជាន់​ខ្ពស់សេតវិមាន លើប្រធានបទ​ដែលគេរំពឹងទុក​នោះគឺបញ្ហាសមុទ្រ​ចិនខាងត្បូង និងកូរ៉េខាងជើងតែម្ដង។

ដោយឡែក​ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍​រួម មន្ត្រីជាន់ខ្ពស់សម្ព័ន្ធ​មិត្តទាំងបីបានថ្កោល​ទោស​យ៉ាងខ្លាំង​ចំពោះ​កូរ៉េខាងជើង សម្រាប់កា​ររំលោភលើ​សេចក្ដីសម្រេច​នៃក្រុមប្រឹក្សា​សន្តិសុខយូអិន ទាក់ទិននឹង​ការហាមឃាត់​កម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីល​របស់ទីក្រុងព្យុងយ៉ាង។ មិនតែប៉ុណ្ណោះពួកគេក៏​បានអំពាវនាវ​ផងដែរឱ្យ​ប្រទេសដ៏ទៃៗទៀត បន្ថែមការ​ដាក់សម្ពាធ ក៏ដូចជា​អនុវត្តន៍យ៉ាង​ពេញនូវ​សេចក្ដី​សម្រេច​​របស់យូអិន។

គួរបញ្ជាក់ថា​កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុប​បានសម្រេចដាក់​កំហិតលើការធ្វើ​អាជីវកម្មរ៉ែដែក និងធ្យូងថ្ម ព្រមទំាង​ហាមឃាត់​ការនំាចូល រ៉ែទង់ដែង ប្រាក់ ស័ង្កសី និងនីកែល​ពីកូរ៉េខាងជើង។ រីឯចិន​ក៏ទើបតែ​បានហាមឃាត់​ការនាំចូលធ្យូងថ្ម​ពីទីក្រុង​ព្យុងយ៉ាង​ផងដែរ ហើយដែល​ការសម្រេច​ចិត្តបែបនេះ បើតាម​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់​កូរ៉េខាងត្បូង អាចនឹង​ធ្វើឱ្យប្រជាជន​កូរ៉េខាងជើង​ប្រមាណ ៣០០,០០០នាក់​បាត់បង់​ការងារ។ ទោះបីជា​យ៉ាងណា​ការចង់ឱ្យ​ចិនដាក់ ទណ្ឌកម្ម​បន្ថែមលើ​របបដឹកនាំ​លោក គីម ជុងអ៊ុន ទំនងជា​ពិបាក​ណាស់​ពីព្រោះ​ទីក្រុង​ប៉េកាំង ខ្លាចក្រែង​បង្កអស្ថេរភាព​ដល់សម្ព័ន្ធមិត្ត​របស់ខ្លួន​មួយនេះ ជាពិសេស​គឺវិបត្តិជនភៀសខ្លួន​នៅតាមតំបន់​ព្រំដែន៕