(អាមេរិក)៖ មហិច្ឆតា​ដ៏ធំសម្បើម​របស់ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម​លេខមួយ​លើ​ពិភពលោក Facebook នៅក្នុងវិស័យ​បច្ចេកវិទ្យា Virtual Reality កំពុងតែ​ប្រឈមមុខនឹង​បញ្ហាយ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​ត្រូវបាន​ក្រុមហ៊ុនមួយ​ផ្សេងទៀត​ដាក់ពាក្យបណ្តឹង ពាក់ព័ន្ធនឹងបញ្ហា​កម្ម​​សិទ្ធិ​បញ្ញា។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

កាលពី​សប្តាហ៍មុ​ននេះ ក្រុមហ៊ុន​ផលិតហ្គេម​ឈ្មោះថា ZeniMax Media បានស្នើឲ្យ​ចៅក្រម​សហព័ន្ធនៃ​ទីក្រុង Dallas ចេញដីកា​ហាមឃាត់ ​Oculus ដែលជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់ Facebook មិនឲ្យប្រើប្រាស់​ក៏ដូចជា​ចែកចាយ Code ដែលកំពុង​មានភាព​ចម្រូងចម្រាស ដោយវា​គឺ​ជាផ្នែកមួយ​នៃបរិក្ខា​អភិវឌ្ឍន៍​កម្មវិធី ដែលក្រុមហ៊ុន Oculus បានផ្តល់​ឲ្យក្រុមហ៊ុន​ដទៃផ្សេងៗទៀត​ធ្វើការបង្កើត​ហ្គេម​សម្រាប់​ឧបករណ៍ Virtual Reality ឈ្មោះថា Rift VR របស់ខ្លួន។

គួរបញ្ជាក់ថា​បើសេចក្តី​បង្គាប់ត្រូវ​ដាក់ចេញពិតមែន​ក្រុមហ៊ុន Oculus ដែលបាន​ក្លាយជាកម្មសិទ្ធិរបស់ Facebook កាលពីឆ្នាំ២០១៤​ក្នុងតម្លៃ​បី​ពាន់​លានដុល្លារ នឹងតម្រូវឲ្យ​ឈប់បន្ត​ចែកចាយ Code ទៅកាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍ហ្គេម​នានា ឬមួយក៏ឈប់លក់​ហ្គេមទាំងអស់​នោះតទៅ​ទៀត​។ ដោយឡែក​ទោះបី​ជា​សព្វថ្ងៃទីផ្សារ​របស់​បច្ចេកវិទ្យា Virtual Reality មានទំហំតូច​នៅឡើយក្តី ប៉ុន្តែនៅ​ប៉ុន្មានឆ្នាំខាងមុខ​វានឹងអាចូលរួម​ចំណែក​យ៉ាងធំធេង​នៅក្នុងចំណូល​របស់ក្រុមហ៊ុន Facebook៕