(វ៉ាស៊ីនតោន)៖ ខុសពីអ្វី​ដែលធ្លាប់រំពឹង​ទុកថា លោក ដូណាល់ ត្រាំ នឹងងាក​មកគិតពីបញ្ហាសេដ្ឋកិច្ច​​អាមេរិក​ជាធំនោះ ប៉ុន្តែបន្ថែមពី​នេះប្រធានាធិបតី​ទើបកាន់​អំណាចបាន​ជាងមួយខែរូបនេះ បានអំពាវនាវឲ្យ​មានការ​បង្កើនថវិកាជាតិ​សម្រាប់​វិស័យយោធា «ជាប្រវត្តិសាស្ត្រ» ដោយលោក​នឹងត្រូវតតាំងជា​មួយបណ្តាសមាជិក​សភានៃ​គណបក្សសាធារណរដ្ឋ​មួយចំនួនទៀត​ ដែលនឹងប្រឆាំងចំពោះសំណើនេះ។ នេះបើតាម​​ការ​ដក​ស្រង់​ព័ត៌មានពី Channel News Asia នាព្រឹក​ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សំណើ​របស់លោក ត្រាំ ខាងលើនេះនឹង​ធ្វើឲ្យថវិកាជាតិ​ទៅលើវិស័យ​ការពារជាតិ កើនឡើង​ដល់ ៦០៣ពាន់លាន​ដុល្លារអាមេរិក។ បើទោះបី​ជាអាមេរិក​ហាក់ទន់ដៃ​ទន់ជើង ដោយសារតែ​សង្គ្រាមជិត​ពីរទសវត្សរ៍​នៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងជំនួយទៅកាន់​បណ្តាសម្ព័ន្ធមិត្ត​ជាច្រើនក៏ដោយ ក៏ភាព​ជាមហា​អំណាច​យោធា​លេខ១លើលោកនេះ មិនអាចកែប្រែ​នោះឡើយនាពេល​បច្ចុប្បន្ន។

គួរបញ្ជាក់ថាជុំវិញការទាមទាររបស់លោក ត្រាំ ខាងលើនេះ​គឺបានទទួល​ការរិះគន់ និងប្រឆាំង​ភ្លាមៗពី​បណ្តា​សមាជិក​សភានៃ​គណបក្ស​ប្រជាធិបតេយ្យ ដោយពួកគេ​យល់ឃើញថាថវិកាជាតិ​ដែលគ្រោង​បន្ថែម​សម្រាប់វិស័យ​យោធានោះ គួរតែយក​ទៅចំណាយ​ទៅលើអ្វី​ផ្សេង​ដែលចាំបាច់​ជាងនេះ ដូចជា​ការការពារ​បរិស្ថាន និងវិស័យអប់រំ​ជាដើម។ ប្រសិនបើ​សភាអនុម័ត​មែននោះ វិស័យ​យោធាអាមេរិក​នឹងមានថវិកា​បន្ថែមលើស​ឆ្នាំមុន​ចំនួន ៥៤ពាន់លានដុល្លារ ឬស្មើនឹង​១០ភាគរយ៕