(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង​បានប្រហារជីវិត​មន្ត្រីចំនួន ០៥នាក់ដោយ​ប្រើប្រាស់កាំភ្លើង​បាញ់យន្តហោះ​ជាអាវុធពិឃាត​​ពីព្រោះតែពួកគេ​បានធ្វើរបាយការណ៍​ខុស នាំឲ្យប្រមុខ​ដឹកនាំ​កំពូល​លោក គីម ជុងអ៊ុន ខឹងឡើងឆេះដុំ​តែម្តង។ នេះបើតាម​ដកស្រង់របាយការណ៍​​របស់ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង ដែលចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន AP នៅមុននេះ​បន្តិចនាល្ងាច​ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការបង្ហើបព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់​កូរ៉េខាងត្បូង​ខាងលើនេះ ធ្វើឡើងខណៈពេល​ដែល​អាជ្ញាធរម៉ាឡេស៊ី​កំពុងតែខ្វែងដៃ​ខ្វែងជើង នៅក្នុងការ​ស៊ើបអង្កេត​ករណីឃាតកម្ម​លើលោក គីម ជុងណាំ នៅឡើយ។ ចំពោះការ​ធ្វើឃាតដ៏សា​ហាវ​​​ទៅលើមន្ត្រីទាំង០៥រូប​នោះដែរ គឺដោយសារតែ​ពួកគេធ្វើ​របាយការណ៍​ខុស ប៉ុន្តែទីភ្នាក់ងារ​កូរ៉េខាងត្បូងមិន​បាន​បញ្ជាក់ឲ្យច្បាស់​នោះទេ ថារបាយការណ៍​ខុសនោះ​ទៅលើរឿង​អ្វីឲ្យប្រាកដ។

គួរបញ្ជាក់ថា​ចាប់តាំងពី​ចុងឆ្នាំ២០១១ ដែលលោក គីម ជុងអ៊ុន ឡើងកាន់​អំណាចកំពូល​មក​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូបហើយ​ត្រូវបាន​ប្រហារជីវិត​ ក្នុងនោះសូម្បីតែ​ពូបង្កើតក៏​មិនអាចរួចផុតដែរ​ក្រោយពេល​ដែល​របបដឹកនាំ​កូរ៉េខាងជើង​រកឃើញថា ពួកគេមិនមានភាព​ស្មោះត្រង់​នឹងមេដឹកនាំគឺលោក គីម ជុងអ៊ុន ព្រមទាំង​បានធ្វេសប្រហែស​ក្នុងការបំពេញកិច្ចការងារ​នោះ។ សម្រាប់ព័ត៌មាននៃការប្រហារជីវិតកន្លងមក កូរ៉េខាងជើងមិនដែលធ្វើការបកស្រាយអ្វីឡើយ ក្រៅតែពីព័ត៌មានទម្លាយ​ចេញដោយ​កូរ៉េខាងត្បូង៕