(ម៉ានីល)៖ កងកម្លាំងប៉ូលិសហ្វីលីពីន​បានត្រៀមខ្លួនហើយ ដើម្បីចូលរួមសាជាថ្មីម្ដង​ទៀតនៅក្នុង​សង្រ្គាមប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបាន​ផ្អាកប្រតិបត្តិការ​របស់ប៉ូលិស​កាលពី​ខែមករា ដោយសារតែ​រឿងអាស្រូវ​ពុករលួយ ប្រព្រឹត្តឡើង​ដោយមន្ត្រីប៉ូលិស​មួយចំនួន។ នេះបើតាមសម្តីរបស់​មេបញ្ជាការ​ប៉ូលិស លោក Ronald dela Rosa ដកស្រង់​ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន លោក Ronald dela Rosa បានបញ្ជាក់ថា ប៉ូលិស​ហ្វីលីពីននឹងត្រូវ​ត្រឡប់​ទៅកាន់ការប្រយុទ្ធ​សាជាថ្មី​ក្នុងសង្រ្គាម​គ្រឿងញៀន​នាពេលឆាប់ៗ​នេះ។ លោក dela Rosa លើកឡើង​ដូច្នេះថា «យើងកំពុង​ត្រៀមខ្លួន​ចូលរួមក្នុង​សង្រ្គាម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បើសិនជា​មានបទបញ្ជា​ពីលោក​ប្រធានាធិបតី (...) ហើយក្នុង​រយៈពេលដែល​យើងបានដកខ្លួន​ពីសង្រ្គាមនេះ ស្ថានភាព​កាន់តែអាក្រក់ រីឯបញ្ហាក៏ត្រឡប់មកវិញ ដូច្នេះយើង​នឹងត្រឡប់មកវិញ​នៅពេល​ឆាប់ៗនេះ។ ក៏ប៉ុន្តែទោះបីជា​យ៉ាងណាក្តី ខ្ញុំនឹងទុក​ឱ្យស្ថាប័នប៉ូលិសជាតិហ្វីលីពីន ជាអ្នក​សម្រេច​ចិត្តនូវ​អ្វីដែល ពួកគេ​គួរតែ​ធ្វើដើម្បី​ឱ្យការងារ​ទទួលបាន​ជោគជ័យ»

គួរបញ្ជាក់ថា​គិតចាប់តាំងពីលោក ឌូតឺតេ ស្បថចូលកាន់​តំណែងកាលពី​ជាង៨ខែមុនមក មនុស្ស​ច្រើនជាង ៨,០០០នាក់​ត្រូវបានសម្លាប់នៅក្នុង​សង្រ្គាមគ្រឿងញៀន​របស់​លោក។ នេះបើតាមអ្វី​ដែលមាននៅក្នុង​របាយការណ៍របស់ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ​របស់ UN៕