(ម៉ូស្គូ)៖ ចាប់តាំងតែពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានស្បថ​ឡើងកាន់​តំណែង​ជាផ្លូវការ​កាលពីខែមករាមក ទាំងសហរដ្ឋ​អាមេរិក​ និងប្រទេសចិន បានខិតខំ​ប្រឹងប្រែង​បង្កើនឥទ្ធិពល​កងទ័ពជើងទឹក​យ៉ាងសម្បើម​រៀងៗខ្លួន ហើយប្រទេស​ទាំងពីរ​បានលើក​យក​ការភ័យ​ព្រួយ​​បារម្ភ អំពីការកើន​ឡើង​នៃអំណាច​យោធាផ្លូវទឹក​របស់ភាគី​ម្ខាងៗមក​ធ្វើជា​ហេតុផល។ តើនេះគឺជា​ការប្រកួតប្រជែង​ផ្នែកសព្វាវុធ​ថ្មី​មួយទៀត​​ឬ​ ​រវាងមហាយក្ស​ទាំងពីរនេះ? នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ​ឆ្នាំ២០១៧។

យោងតាម​សេចក្តីរាយ​ការណ៍​ព័ត៌មាន​ជាច្រើន ចិនគ្រោង​នឹងផ្គត់ផ្គង់ថវិកា​ជាច្រើន​សម្រាប់​យោធាជើង​ទឹករបស់​ប្រទេស ស្របពេល​ដែលខ្លួន​​ព្យាយាម​រក្សាតុល្យភាព​នៃការ​គំរាមកំហែង​របស់អាមេរិក​នៅលើផ្ទៃសមុទ្រ​ជាពិសេសនោះ​គឺតំបន់​សមុទ្រចិនខាងត្បូង​តែម្តង។ ​ម៉្យាងវិញទៀត​​នេះហើយគឺជា​អ្វីដែលយោធាជើង​ទឹក​អាមេរិកក្រោមការ​ដឹកនាំ​របស់លោក ដូណាល់ ត្រាំ គ្រោងនឹង​ធ្វើដូចគ្នាជា​មួយផែនការ​របស់ខ្លួន ដើម្បី​សម្រេច​គោលដៅ​នៃការបង្កើន​នាវាយោធា​ឲ្យបានចំនួន​៣៥០គ្រឿងថ្មី ដើម្បីទប់ទល់​ការធ្វើទំនើបកម្ម​កងទ័ពជើងទឹក​របស់ចិន។ ជាមួយគ្នា​នេះ​មន្រ្តីទូតម្នាក់​ដែលមកប្រទេស​មួយនៅតំបន់​អាស៊ីបាន​ឲ្យដឹងថា «ចិនមានការ​ព្រួយបារម្ភថាលោក ត្រាំ ​អាច​នឹង​បង្ក​​​គ្រោះ​ថ្នាក់​​ណា​មួយ​ដល់​ពួក​គេ​នា​ពេល​​អនាគត»

ដោយឡែកនៅ​អំឡុងប៉ុន្មាន​សប្តាហ៍កន្លងទៅនេះ​ របាយការណ៍​សំខាន់យ៉ាង​ហោចណាស់​ចំនួនបី ដែល​ធ្វើ​ការវិភាគទៅ​ទិដ្ឋភាព​​នៃ​អនា​គត​​របស់​យោ​ធា​ជើង​​ទឹក​​អាមេរិក​ ត្រូវបានចេញ​ផ្សាយ ហើយ​របាយការណ៍​មួយនៅក្នុង​ចំណោមនោះ ដែលត្រូវបាន​រៀបចំឡើង​ដោយអ្នកជំនាញ​មួយរូបខាង​ផ្នែកកិច្ចការ​យោធាជើង​ទឹកឈ្មោះ​ថា Ronald O'Rourke បានលើក​ឡើងចំៗ​ថា​ ការបង្កើន​ឥទ្ធិពលយោធា​ជើងទឹក​របស់ចិន គឺ​ជា​ការ​គំរាមកំហែង​ដ៏សំខាន់បំផុត​មួយ ចំពោះ​កម្លាំងយោធាជើង​ទឹករបស់​សហរដ្ឋអាមេរិក។ លោក O'Rourke បានសង្កត់ធ្ងន់​ថា​ ការកើន​នៃ​​សកម្ម​ភាពកងទ័ព​ជើងទឹក​របស់ចិន​ក៏ដូចជារុស្ស៊ី នៅសមុទ្រ​ម៉េឌីទែរ៉ាណេ និងមហាសមុទ្រ​អាត្លង់ទិក គឺជា​ហេតុផល​សម្រាប់​ការបង្កើន​ចំនួននាវា​​ចម្បាំង​​អាមេរិក។

គួរបញ្ជាក់ថា​ទោះបីជា​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង ដោយផ្ទាល់​ថា​សេតវិមាន​នឹង​គោរពតាម «គោល​នយោបាយចិន​តែមួយ» ដែលទទួល​ស្គាល់ថា​តៃវ៉ាន់ជាផ្នែកមួយ​របស់ចិន​យ៉ាងណាក្តី ពេលនេះ​ទីក្រុងវ៉ាស៊ីនតោន​​បាន​​ងាកទៅ​បង្កើនសាច់ដុំ​ក៏ដូចជាឥទ្ធិពល​នៃកងទ័ពជើងទឹក​របស់ខ្លួន នៅឯតំបន់​សមុទ្រខាងចិនខាងត្បូង​វិញ។ ប្រការ​ហេតុនេះយើង​ទំនងជាអាច​នឹង​ឃើញការប្រកួត​ប្រជែងសព្វាវុធថ្មីមួយទៀតនា​ពេលអនាគត ដែលស្រៀង​ទៅនឹងសហរដ្ឋអាមេរិក​ និងសហភាពសូវៀត​កាលពីចុង​សតវត្ស​រ៍ទី២០៕