(​កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានបញ្ជូនកងទ័ព នាវា និងយន្ដហោះចម្បាំងរបស់ខ្លួន ឱ្យទៅចូលរួមនៅក្នុងសង្រ្គាមអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ មានគោលបំណងតែមួយគត់ នោះគឺគ្រាន់តែចង់ពង្រឹងទំនាក់ទំនងជាមួយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូប៊ូស (George W. Bush) តែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍យោធាមួយ ដកស្រង់ដោយសារព័ត៌មាន Russian Today​ នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧។

របាយការណ៍មានកម្រាស់ជាង ៥៧២ទំព័រខាងលើ ត្រូវបានរៀបចំឡើងដោយ លោកបណ្ឌិត Albert Palazzo មកពីនាយកដ្ឋានស្រាវជ្រាវ និង វិភាគកងទ័ព នៃកងទ័ពអូស្ត្រាលី នៅចន្លោះឆ្នាំ២០០៨ និង២០១១។ របាយការណ៍នេះដដែលក៏បានបង្ហាញដែរថា អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ចន ហូវឺត (John Howard) បានចូលរួមជាមួយលោក ចច ដាប់ប៊ែលយូប៊ូ លុកលុយចូលប្រទេសអ៊ីរ៉ាក់ ផ្ដួលរំលំរបប សាដាមហូសេន គឺគ្មានគោលបំណង អ្វីផ្សេងក្រៅតែពីចង់បានទំនាក់ទំនងល្អ ជាមួយទីក្រុងវ៉ាស៊ីនតោន របស់លោកប៊ូស។

លើសពីទៅទៀត សេចក្ដីថ្លែងការណ៍របស់ លោក ហូវឺត ស្ដីពីការពង្រឹងសេចក្ដីសម្រេចអង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ក៏ដូចជាចូលរួមស្ដារ អ៊ីរ៉ាក់ឡើងវិញក្រោយសង្រ្គាមបញ្ចប់ គ្រាន់តែជាវោហាសាស្ត្រតែប៉ុណ្ណោះ ខណៈលោក ហូវឺត និងប្រមុខយោធាអូស្រ្ដាលី លោក ភីតធឺ កូសក្រូវ (Peter Cosgrove) មិនមានឆន្ទៈទទួលស្គាល់ចំនួនពិតប្រាកដនៃកងទ័ពដែលបានពលីជីវិត។

គួរបញ្ជាក់ថា នៅក្នុងសង្រ្គាមអ៊ីរ៉ាក់ អូស្ត្រាលី បានបញ្ជូនកងទ័ពជាង ២០០០នាក់ ឬស្មើនឹង២.៤២ភាគរយ បើធៀបទៅនឹងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែបន្ទាប់ ពីសង្រ្គាមនេះបញ្ចប់ រហូតមកទល់បច្ចុប្បន្ន ប្រជាជនអ៊ីរ៉ាក់បន្តរស់នៅវេទនាក្នុងភ្លើងសង្រ្គាម និងផ្ទុះគ្រាប់បែកអត្តឃាតស្លាប់រាល់ថ្ងៃ តើបញ្ហានេះអាមេរិកដែលមេខ្លោងជាអ្នកទទួលខុសត្រូវឬ ?