(វ៉ាស៊ីនតោន)៖ គំរោងនៃការរៀបចំជំនួបក្រៅផ្លូវការ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ទំនងជាត្រូវបានលុបចោលហើយ បន្ទាប់ពី ក្រសួងការបរទេសអាមេរិក បានបដិសេធមិនផ្ដល់ទិដ្ឋការដល់ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ហើយដែលការបដិសេធនេះត្រូវបានគេមើលឃើញថា អាចមានជាប់ទាក់ទិន នឹងអំពើឃាតកម្មលើបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន។ នេះបើតាមកាសែតអាមេរិក Wall Street Journal ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម Wall Street Journal ជំនួបរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងកូរ៉េខាងជើង គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនាខាងមុខ នេះក្នុងទីក្រុងញូយ៉ក។ ក៏ប៉ុន្តែមន្ត្រីជាន់កូរ៉េខាងជើង ដូចជា លោក ឆូ សុន ហ៊ុយ (Choe Son Hui) ជាអគ្គនាយកការិយាល័យកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង ត្រូវបានបដិសេធមិនផ្ដល់ទិដ្ឋការ ចូលក្នុងសហរដ្ឋអាមេរិក ដោយសារតែការបាញ់សាកល្បងមីស៊ីលផ្លោង របស់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ព្រមទំាងអំពើឃាតកម្មលើលោក គីម ជុងណាំ ដែលទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា របបដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកទទួលខុសត្រូវ។

គួរបញ្ជាក់ថា ជុំវិញសេចក្ដីរាយការណ៍ខាងលើ ខាងក្រសួងការបរទេសអាមេរិក ពុំទាន់ធ្វើការអត្ថាធិប្បាយនៅឡើយទេ ពាក់ព័ន្ធនឹងការលុបចោល ជំនួបនេះ៕