(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹង​ចុះហត្ថលេខា​លើចំណាត់ការ​ថ្មីមួយនៅ​ថ្ងៃអង្គារសប្តាហ៍​ក្រោយនេះ (ពេលវេលានៅ​រដ្ឋធានី​វ៉ាស៊ីនតោន) សំដៅ​ដើម្បីធ្វើការ​ផ្លាស់ប្តូរ​ច្បាប់ស្តីពី​វិស័យគ្រប់គ្រង​ធនធាន​ទឹក​ដ៏សំខាន់មួយ​របស់​រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា​។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា​នឹងបង្គាប់ឲ្យ​ទីភ្នាក់គាំពារ​បរិស្ថាន​អាមេរិក (EPA) ដក​ចេញនូវ​បទបញ្ជា​ស្តីពីវិស័យ​ធនធានទឹក WOTUS ដែលធ្វើ​ការពង្រឹក​ផ្លូវទឹកនានា​មួយចំនួន ដែលស្ថិត​ក្រោម​ការការពារសហព័ន្ធ​របស់​ច្បាប់ Clean Water Act។ បទ​បញ្ជា​នេះ​​ត្រូវ​បាន​​ដាក់​ចេញ​ដោយ​ទីភ្នាក់ងារ EPA និងអង្គភាព​វិស្វកម្មនៃ​កងទ័ពជើង​គោក​អាមេរិកកាល​ខែឧសភា ឆ្នាំ២០១៥ ប៉ុន្តែត្រូវ​បានរារាំង​ដោយ​សាលា​​​ឧទ្ធរណ៍សហព័ន្ធ ដែលបាន​ធ្វើឲ្យរឿងនេះ​មានការ​ប្រឈមមុខ​ដាក់គ្នាបន្តទៀត​នៅតុលាការ។

គួរបញ្ជាក់ដែរថា ​បទបញ្ជាស្តីពីការ​ពីវិស័យធនធាន​ទឹកខាងលើ​ បានទទួលរង​ការជំទាស់​ជាខ្លាំងពី​សំណាក់​ក្រុមអ្នក​សាធារណរដ្ឋ​នៅក្នុងសភា​ជាតិអាមេរិក ក៏ដូចជា​ប្រជាកសិករ​ព្រមទាំង​ក្រុមហ៊ុនផលិត​ថាមពល។ ក្រុមអ្នករិះគន់​បានលើកឡើងថា​ បទបញ្ជានេះធ្វើការពង្រីកវិសាល​ភាព​​របស់រដ្ឋាភិបាល​សហព័ន្ធ និងអាចអនុវត្តន៍​លើប្រឡាយ​ក៏ដូចជាផ្លូវទឹក​ដាច់ស្រយ៉ាល​តូចៗបាន។ ដោយឡែក​ទីភ្នាក់ងារ​គាំពារបរិស្ថាន​អាមេរិក​​ក្រោមការ​ដឹកនាំរបស់​អតីត​ប្រធានាធិបតីលោក អូបាម៉ា បានបញ្ជាក់ថា​បទបញ្ជានេះ​គឺជាការ​ការពារប្រភពទឹក​នានាដែលស្ថិត​នៅក្បែរទន្លេ ឬបឹង៕