(វ៉ាស៊ីនតោន)៖ រូបភាព​ដែលទើបថត​បានពី​ផ្កាយរណប នឹងត្រូវ​បានបង្ហោះ​ដោយ​វែបសាយ 38North បានបង្ហាញ​អំពីសកម្មភាព​មួយចំនួន នៅតំបន់ដែលកូរ៉េខាងជើងទុកសម្រាប់ធ្វើ​តេស្តអាវុធុនុយក្លេអ៊ែរ​​ដែល​អ្នកជំនាញ​តាមដានរឿងកូរ៉េខាងជើង​សង្ស័យថា ទីក្រុងព្យុង​យ៉ាងពិតជាកំពុង​រៀបចំ​ធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​ជាថ្មីទៀត​ហើយ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់ នារសៀល​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

រូបភាព​ដែលថតបានពី​ផ្កាយរណប​ គឺតំបន់ធ្វើ​តេស្ត​នុយក្លេអ៊ែរ Punggye-ri របស់​កូរ៉េខាងជើង​ដែលបាន​បង្ហាញពី​សកម្មភាព​គួរឲ្យកត់សម្គាល់​មួយចំនួន​​នៅតាមទីតាំង ដែលមើលទៅ​គឺជាការត្រៀម​បំពាក់​ឧបករណ៍​នានា រួមជាមួយ​សកម្មភាព​សម្ងាត់ៗមួយ​ចំនួនទៀត។ ប្រសិនបើ​មានបញ្ជា​មែននោះ កូរ៉េខាងជើង​នឹងអាចធ្វើ​តេស្តនុយក្លេអ៊ែរ​ពេលណា​ក៏បាន ប៉ុន្តែគេ​មិននៅមិនទាន់​អាចប៉ាន់ស្មានថា​ពេលណាឲ្យ​ប្រាកដ​នោះឡើយ។ នេះបើតាមការផ្សាយ​ក្នុងវែបសាយ 38North។

គួរបញ្ជាក់ថា​ប្រទេសកូរ៉េខាងជើង​បច្ចុប្បន្ននេះ កំពុងតែពោរពេញ​ទៅដោយ​បញ្ហាគ្រប់ជំពូក ពាក់ព័ន្ធ​នឹងទណ្ឌកម្ម​​ពី​អង្គការ​សហប្រជាជាតិ, ការគំរាម​កំហែង​អាមេរិក, ទំនាក់ទំនង​រកាំរកូស​ជាមួយចិន, និងជាពិសេស​គឺ​អំពើ​ឃាតកម្ម​លើលោក គីម ជុងណាំ ដែលកូរ៉េខាងជើង​ចោទថា​ជាទង្វើរបស់​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ ប្រសិនបើ​លើកនេះ​កូរ៉េខាងជើង បង្ខំធ្វើតេស្ត​គ្រាប់បែក​នុយក្លេអ៊ែរ​មែននោះ វាប្រាកដ​ជាការទាក់ទាញ​បញ្ហា​មកគ្រប​សង្កត់រដ្ឋ​ដ៏ឯកោមួយនេះ​បន្ថែមទៀត​ជាក់ជាមិនខាន៕