(អាមេរិក)៖ វិស័យ​សារព័ត៌មាន​នៅសហរដ្ឋអាមេរិ​កពេលនេះ បានធ្លាក់ចូលក្នុង​ភាពក្តៅគគុកបន្ថែម​ទៀត​ដោយសេតវិមាន​អាមេរិកបាន​ចេញបំរាម «ហាមអ្នកសារព័ត៌មាន CNN និងសារព័ត៌មានធំៗ​មួយចំនួនទៀត​ដូចជា New York Times» ជាដើម មិនឲ្យចូលក្នុងកម្មវិធីបទសង្ខេបព័ត៌មាន​ប្រចាំថ្ងៃ​នោះឡើយ​ ហើយដោយ​ឡែកអ្នកសារព័ត៌មាន​មួយចំនួនទៀត ត្រូវបានសេតវិមាន​ជ្រើសរើសយកដោយ​ខ្លួនឯង​ទើប​អាចចូលយកព័ត៌មានបាន។ នេះបើ​តាមការ​ចេញផ្សាយដោយ​​សារព័ត៌មាន CNN នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ការសម្រេចរបស់​សេតវិមានខាង​លើនេះ ត្រូវបាន CNN ចេញផ្សាយថា​ ជារឿងដែល​មិនអាចនឹក​ស្មានដល់​សម្រាប់​សង្គម​សម័យទំនើប​បែបនេះ ហើយវាក៏​នឹងបង្កភាពតាន​តឹងកាន់តែខ្លាំង​បន្ថែមទៀត​ផងដែរ រវាងរដ្ឋបាល​របស់លោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មាន​ទាំងឡាយ។ សម្រាប់​សារព័ត៌មាន​ធំៗ​​ដែលបាន​រងការហាមឃាត់​ខាងលើនេះ​មានដូចជា CNN, The New York Times, the Los Angeles Times, Politico, BuzzFeed, the BBC និង the Guardian ផងដែរ។

គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ធ្លាប់បាន​រិះគន់ធ្ងន់ៗ​ទៅលើសារព័ត៌មាន​ទាំងឡាយខាង​លើនេះ​ ​តាំងតែពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូតដល់លោក​បានឡើងកាន់តំណែង​ជាប្រធានាធិបតី​អាមេរិក​ផ្លូវការ។ លោក ត្រាំ ក៏ធ្លាប់​បានទាស់ពាក្យសម្តី​ជាមួយអ្នក​សារព័ត៌មាន CNN ផងដែរ​នៅក្នុងការ​ជួបជុំក្រុម​អ្នកសារព័ត៌មាន​នៅថ្ងៃបន្ទាប់​នៃការឡើងកាន់​តំណែង​របស់លោក ដោយលោក​បានចោទ​សារព័ត៌មាន​ទាំង​នោះថា «មិនដែលសរសេរអ្វីល្អពីលោក និងជាសត្រូវ​របស់ប្រជាជន​អាមេរិក​ទាំងអស់»៕