(បាកដាដ)៖ យន្តហោះចម្បាំង​មួយចំនួន​របស់កងទ័ពអាកាស​អ៊ីរ៉ាក់ បានបើក​ការវាយប្រហារ​ទៅលើក្រុម​រដ្ឋអ៊ីស្លាម ISIS នៅក្នុងទឹកដី​ប្រទេសស៊ីរី​ជាលើកដំបូង ដើម្បីជា​ការសងសឹក​ទៅនឹង​ការវាយប្រហារ​ដោយបំផ្ទុះ​គ្រាប់បែក​កាលពីសប្តាហ៍មុន​នៅទីក្រុង​បាកដាដ ដែល​បានបណ្តាលឲ្យ​ប្រជាជន​អ៊ីរ៉ាក់​ជាច្រើន​នាក់ស្លាប់ និងរងរបួស។ នេះបើ​តាមការដកស្រង់​សេចក្តីថ្លែងការណ៍​របស់នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi ដោយ Reuters នាព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

កងទ័ពអ៊ីរ៉ាក់​បានបើកការ​វាយប្រហារ​ខាងលើនេះ ទៅលើតំបន់​ព្រំដែន​រវាងស៊ីរី និងអ៊ីរ៉ាក់​ដែលជា​កន្លែង​លាក់ខ្លួន​របស់ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS ហើយប្រតិបត្តិការ​នេះក៏មានកិច្ច​សហការ​ជាមួយទីក្រុង​ដាម៉ាស់​ផងដែរ។ ដោយឡែក​ងាកមកកាន់​ទីក្រុងម៉ូស៊ុល ដែលជាមូលដ្ឋាន​ស្នូលរបស់​ក្រុម ISIS វិញ​ក៏កំពុង​តែត្រូវ​បានកងទ័ពអ៊ីរ៉ាក់វាយ​រំដោះជាបណ្តើរ​ផងដែរ តាមរយៈការវាយកាន់កាប់មកវិញនូវ​តំបន់សំខាន់ៗ ដូចជា​ព្រលាន​យន្តហោះ និងមូលដ្ឋាន​ទ័ព​ជាដើម។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក al-Abadi បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «វីរៈបុរសលើដែនអាកាសរបស់​យើង​បានបើកការ​វាយប្រហារសងសឹកទៅលើ​ក្រុមភេរវករ ដោយទទួល​បាននូវ​ជោគជ័យ​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល»។ ការវាយប្រហារត្រូវបានកងទ័ព​អ៊ីរ៉ាក់អះអាង​ថា ធ្វើឡើងទៅ​លើមូលដ្ឋាន​ផលិតគ្រាប់បែក​សម្រាប់បំផ្ទុះលើ​រថយន្ត​របស់ក្រុម ISIS នៅតាមខ្សែ​បន្ទាត់ព្រំដែន ដោយប្រើប្រាស់​យន្តហោះ​ទំនើប F16 ក្នុងប្រតិបត្តិការ​ ខណៈអាមេរិក​ក៏បានជួយក្នុង​រឿងនេះដែរ តាមរយៈការផ្តល់​ព័ត៌មាន​សម្ងាត់៕