(ប៉េកាំង)៖ រដ្ឋាភិបាលចិន​បានស្នើយ៉ាង​ទទូចដល់​ចក្រភព​អង់គ្លេស ឈប់ធ្វើ​ការជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​របស់ទីក្រុង​​ហុង​កុង​តទៀតទៅ បន្ទាប់ពី​រដ្ឋាភិបាល​អង់គ្លេស​បានបញ្ចេញ​របាយការណ៍​ប្រចាំឆមាស​ចុងក្រោយ​គេបំផុត​​ស្តីពី​ហុងកុង ទៅកាន់​សភាជាតិ​របស់​ខ្លួន។ នេះ​បើ​តាម​​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅយប់ថ្ងៃសុក្រម្សិលមិញនេះថា «នៅក្នុងអំឡុង​ពេល​២០ឆ្នាំ​កន្លង​ទៅ​នេះ​ គិតចាប់​តាំងពី​ការវិលត្រឡប់មកវិញ​នៃទីក្រុង​ហុងកុង រដ្ឋាភិបាល​ទីក្រុងប៉េកាំង​បាន​ខិតខំ​អនុវត្តន៍​យ៉ាងហ្មត់ចត់​ចំពោះ​គោលការណ៍ «ប្រទេស​តែមួយ​​ប្រព័ន្ធ​គ្រប់គ្រង​ពីរ» និង «ប្រជាជន​ហុងកុង​ជាអ្នកដឹកនាំ​ទីក្រុង​ហុងកុង» និងភាពស្វយ័ត​របស់ទីក្រុង​ហុងកុង។ ម៉្យាងវិញ​ទៀត​ទីក្រុង​​ប៉េកាំង​បានគោរព​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ​ក៏ដូចជាច្បាប់​មូលដ្ឋាន​របស់​ប្រទេស​យ៉ាងខ្ជាប់ខ្ជួន និងគាំទ្រ​ទាំងស្រុង​ចំពោះរដ្ឋាបាល​គ្រប់គ្រង​របស់​ហុងកុង»

អ្នកនាំពាក្យរូបនេះ​បានបន្តថា​ ទីក្រុងហុងកុង​នៅតែបន្ត​បានទទួល​ស្ថិរភាព និងវិបុលភាព​ហើយ​ប្រជាជន​ហុងកុង​ផ្ទាល់នៅតែ​មានតែសិទ្ធិ​​ក៏ដូចជាសេរីភាព​គ្រប់បែប​យ៉ាង​ត្រូវបានចែង​នៅក្នុង​ច្បាប់។ បន្ថែមពី​នេះ​លោក Geng Shuang បានបញ្ជាក់ថា​ហុងកុងគឺជាតំបន់រដ្ឋបាល​គ្រប់​គ្រង​ពិសេស​របស់ចិន ហើយកិច្ចការ​ទាំងឡាយ​របស់ទីក្រុងហុងកុង គឺជាកិច្ចការ​ក្នុងស្រុក​របស់ប្រទេសចិនដូចគ្នា ដែលគ្មាន​បរទេសណា​មានសិទ្ធិ​ចូល​មកលូកលាន់​បាននោះ​ឡើយ។

គួរបញ្ជាក់ថា​យោងតាម​លោក Shuang រដ្ឋាភិបាល​អង់គ្លេសតែងតែ​បានចេញផ្សាយ​របាយការណ៍​ប្រចាំ​ឆមាស​របស់ខ្លួនមួយ​ស្តីពី​បញ្ហា​ហុង​កុងជា​ប្រចាំ​ចាប់តាំងពី​ពេលដែលហុងកុង​បាន​ចាកចេញ ពីការគ្រប់គ្រង​របស់ចក្រភព​អង់គ្លេស​មកស្ថិតក្រោម​ប្រទេសចិន​វិញ ហើយលោក​សុំស្នើឲ្យ​ភាគីអង់គ្លេស​បញ្ឈប់​ការចេញ​ផ្សាយរបាយការណ៍​នេះទៀត និងឈប់លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​របស់ហុងកុង​ទៀតទៅ៕