(ប៉េកាំង)៖ ទីក្រុងប៉េកាំង​សង្ឃឹមថា​នឹងអាចរួមសហការគ្នា​ជាមួយទីក្រុងវ៉ាស៊ីនតោន ព្រមទាំង​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ជួយលើកកម្ពស់​​សន្តិ​​ភាព​​ និង​ស្ថិរ​ភាព​នៅ​ឧបទ្វីបកូរ៉េក៏ដូចជា​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​នៅក្នុងតំបន់។ នេះបើតាម​សម្តីរបស់​អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ចិនលោក Geng Shuang ដែលត្រូវ​បានដកស្រង់​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Geng Shuang បានថ្លែងយ៉ាង​ដូច្នេះថា «ដោយផ្អែក​លើកម្រិត​នៃបញ្ហានុយក្លេអ៊ែរ​នៅក្នុងប្រទេស​កូរ៉េខាងជើង​សព្វថ្ងៃ តើអ្នកយល់​ថា​បញ្ហា​ប្រឈមនេះ​ពិតជាមាន​ភាពងាយស្រួល​ក្នុងការដោះស្រាយ​មែនឬ? យើងបាន​និយាយជា​ដដែលៗ​ថា​ ឬសគល់​នៃបញ្ហានេះ​​គឺស្ថិតក្នុង​​ភាព​​មិន​ចុះសម្រុង​គ្នារវាងកូរ៉េខាងជើង​ និងសហរដ្ឋ​អាមេរិក។ យើងក៏សង្ឃឹម​ដែរថា​ភាគីទាំងពីរ​អាចចែករំលែក​ភាពទទួលខុស​ត្រូវ​រវាងគ្នា ​ហើយ​សហការជា​មួយចិន​ដើម្បីលើកស្ទួយ​សន្តិភាព​ និងស្ថិរភាព​នៅតំបន់​ឧបទ្វីបកូរ៉េ និងបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការលុបបំបាត់​អាវុធ​នុយ​ក្លេអ៊ែរ​នៅក្នុងតំបន់»

គួរបញ្ជាក់ថា​កាលពីថ្ងៃទី១២​ ខែកុម្ភៈកន្លង​ទៅនេះប្រទេស​កូរ៉េខាងជើង​បានធ្វើការបាញ់​សាកល្បង​មីស៊ីល​ផ្លោងរយៈមធ្យម​​ចំនួន​មួយ​គ្រាប់​ទៅ​កាន់សមុទ្រ​ប្រទេស​ជប៉ុន និងបានប្រកាស​ក្តែងៗ​ថា​ការធ្វើតេស្ត​នោះប្រព្រឹត្ត​ទៅដោយ​ជោគជ័យ។ ដោយឡែក​ការធ្វើតេស្ត​លើកនេះ​ និងការ​បាញ់​សាកល្បង​ជាច្រើនដង​នាពេល​កន្លងទៅ ត្រូវបាន​អង្គការ​សហប្រជាជាតិ​ចាត់ទុកថា​ជាការបំពាន​លើសេចក្តី​​សម្រេច​​របស់​ក្រុម​ប្រឹក្សា​​​សន្តិសុខ​របស់​យូអិនផ្ទាល់។​ មួយវិញ​ទៀត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ បានថ្លែងធ្ងន់ៗ​នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ​នៅ​​មួយថ្ងៃ​បន្ទាប់ពី​ការធ្វើតេស្ត​មីស៊ីល​ចុងក្រោយ​បំផុត​របស់ទីក្រុង​ព្យុងយ៉ាងថា កូរ៉េខាងជើង​គឺជាការសន្យា​ដ៏ធំមួយហើយ​លោក ត្រាំ បានប្តេជ្ញា​ថានឹងធ្វើ​ចាត់វិធានការ​ឆ្លើយតប​ទៅវិញ​ដោយ​សាកសម​បំផុត៕