(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងចាប់ផ្តើម​ការសាងសង់ជញ្ជាំងនៅ​តាម​បណ្តោយព្រំដែន​ជាមួយប្រទេសម៉ិចស៊ីកូ នាពេលឆាប់ៗខាងមុខនេះគឺនៅមុនការគ្រោងទុកឆ្ងាយ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC នៅ​យប់​ថ្ងៃ​សុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និបាតស្តីពីសកម្មភាពនយោបាយអភិរក្សលោក ដូណាល់ ត្រាំ បានធ្វើការប្តេជ្ញាចិត្តថា រូបលោកនឹងតែងតែផ្តោត​ការយកចិត្តទុក​​ដាក់​ក៏ដូចជាយកប្រជាពលរដ្ឋអាមេរិកជាសំខាន់ដំបូងគេរហូត ហើយនឹងចាប់ផ្តើមការកសាង​ជញ្ជាំងព្រំដែន​ដ៏សែនអស្ចារ្យមួយដែលលោក ត្រាំ ​ធ្លាប់​បានសន្យា។ លោកប្រធានាធិបតីអាមេរិករូបនេះបានថ្លែងថា «តាមពិតទៅការ​សាងសង់​ជញ្ជាំងព្រំដែននេះនឹងចាប់ផ្តើមលេចចេញជារូប​រាងនៅពេល ឆាប់ៗនេះ ដោយលឿនជាងកាលបរិច្ឆេទដែល​បានគ្រោងទុកឆ្ងាយ»

គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសលោក Rex Tillerson និង​រដ្ឋ​មន្រ្តី​សន្តិ​សុខជាតិអាមេរិកលោក John Kelly បានជួបពិភាក្សាជាមួយសមភាគីម៉ិចស៊ីកូ​ ហើយបញ្ហា​ជុំវិញ​ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិចស៊ិកូ ពុំ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សីទ​រួម​​​​​របស់​រដ្ឋ​មន្រ្តី​នៃ​​ប្រទេស​ទាំងពីរ​​ឡើយ។ ដោយឡែកលោក ត្រាំ ធ្លាប់បានអះអាងជាដដែលថា ការចំណាយទៅ​លើការសាងសង់ ជញ្ជាំងព្រំដែននេះគឺជាបន្ទុករបស់ភាគីម៉ិចស៊ីកូ ទោះបីមេដឹកនាំម៉ិចស៊ីកូបានប្រកាសឆ្លើយតបជាច្រើនលើកដូចគ្នា​ថា ​​មិន​ព្រម​នោះ​ឡើយយ៉ាងណាក្តី៕