(ប៉េកំាង)៖ រដ្ឋាភិបាលចិន​បាន​ច្រានចោល​ការដាក់​សម្ពាធ​ជាថ្មី​ម្ដងទៀត ពីសំណាក់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការ​ប្រើឥទ្ធិពល​របស់ខ្លួន​លើមហាមិត្ត​កូរ៉េខាងជើង ឱ្យឈប់​បង្ករឿង និងថែមទាំង​អះអាងថា​បញ្ហាកំពុងកើតឡើង ជាជម្លោះរវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាង កុំទាញចិន​ឱ្យប្រឡាក់ប្រឡូក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រតិកម្មរបស់​ទីក្រុងប៉េកាំង​ធ្វើឡើងបន្ទាប់ពី​លោក ដូណាល់ ត្រាំ បានលើក​ឡើងនៅក្នុង​បទសម្ភាស៍​ជាមួយ R​euters នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ថា ចិនអាចដោះស្រាយ​បញ្ហាអសន្តិសុខ​បង្កឡើងដោយ​កូរ៉េខាងជើង បានយ៉ាង​ងាយស្រួល បើសិនចិនពិត​ជាចង់ធ្វើវា​មែននោះ។ ជុំវិញ​ការលើកឡើងនេះដែរថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន លោក Geng Shuang បានសង្កត់​ធ្ងន់ថា «យើងធ្លាប់​បាននិយាយជា​ច្រើនដងមក​ហើយថា បញ្ហានុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជាជម្លោះ​រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ ដូច្នេះយើង​ពិតជា​សង្ឃឹមថា ភាគីទំាងពីរ អាចនឹង​ទទួលខុសត្រូវ​លើការដើរ​តួនាទីដែល​ខ្លួនគួរតែធ្វើ និងធ្វើកិច្ច​សហការជាមួយចិន​ក្នុងលក្ខណៈ​ស្ថាបនា​ដើម្បីថែរក្សា​សន្តិភាព និងស្ថេរភាព ក៏ដូចជាឈាន​ដល់វត្ថុបំណង​គ្មានអាវុធ​នុយក្លេអ៊ែរ​នៅក្នុងតំបន់​ឧទ្វីបកូរ៉េ»

គួរបញ្ជាក់ថា​កាលពីថ្ងៃព្រហស្បតិ៍ ស្ថានីយ៍ទូរទស្សន៍កូរ៉េខាងជើង KCNA បានចេញ​សេចក្ដីថ្លែងការណ៍​មួយ រិះគន់​យ៉ាងកម្រលើចិន​ដោយប្រើពាក្យ​អ្នកជិតខាងថា មានភាពមិនមានស្មោះត្រង់​បន្ទាប់ពីចិន​សម្រចចិត្ត​ផ្អាកនំាចូលធ្យូងថ្ម​ពីកូរ៉េខាងជើង។ តែទោះជាបែប​នេះក្ដី លោក Geng Shuang គូសបញ្ជាក់ថា​ទីក្រុងប៉េកាំង នៅតែចង់​ធ្វើការងារ​ជាមួយ​កូរ៉េខាងជើង​ក្នុងការលើក​កម្ពស់ស្ថេរភាព និងសុខមាលភាព​នៃការអភិវឌ្ឍ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ៕