(ដាម៉ាស)៖ ករណីបំផ្ទុះ​រថយន្តដ៏កក្រើក​​នៅក្នុងភូមិមួយ​កន្លែងក្បែ​រទីក្រុង al-Bab នៃប្រទេស​ស៊ីរី បានវាយ​ប្រហារចំលើក្រុមឧទ្ទាមស៊ីរី​​ ដែលជាអ្នកប្រយុទ្ធ​តទល់នឹង​ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS នៅថ្ងៃសុក្រនេះ​ដោយបាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​​៦១នាក់ (៥៥នាក់ជាជនស៊ីវិល និង០៦នាក់ជាក្រុម​ឧទ្ទាម) និងបាន​បណ្តាល​ឲ្យជាច្រើន​នាក់ផ្សេង​ទៀតរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិច​​នារសៀល​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ក្រុមអ្នក​ឃ្លាំមើលសិទ្ធិ​មនុស្សប្រចាំ​នៅស៊ីរី ហេតុការណ៍​បំផ្ទុះរថយន្ត​ខាងលើ​បានវាយប្រហារ​ចំលើ​កម្លាំងសន្តិសុខ​ និង​យោធានៅ​ក្នុង​​ភូមិ Sousian ដែល​ស្ថិត​​នៅ​ប្រមាណ​​ ​០៨​គីឡូ​ម៉ែត្រ​​ភាគពាយ័ព្យ​នៃទីក្រុង al-Bab របស់ប្រទេស​ស៊ីរី និងបាន​បណ្តាលឲ្យ​មនុស្សស្លាប់សរុប​៦១នាក់​​ និងជាច្រើននាក់ផ្សេង​ទៀតបាន​ទទួលរងរបួស។

គួរបញ្ជាក់ថា​ការវាយប្រហារនេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះដែល​ក្រុមឧទ្ទាម​គាំទ្រដោយតួកគី បានវាយ​បណ្តេញ​ក្រុម ISIS ​ចេញពី​ទីក្រុង al-Bab ដែលជា​មូលដ្ឋានឈរជើង​ចុងក្រោយ​របស់ក្រុម​សកម្មប្រយុទ្ធ​មួយនេះ រួមជា​មួយក្រុងតូចៗមួយចំនួន​ផ្សេងទៀត​រួម​មាន​ Qabasin និង al-Bezah ជាដើមនៅក្រោយ​ការប្រយុទ្ធគ្នា​អស់រយៈពេល​ជាច្រើនសប្តាហ៍​កន្លងទៅ៕