(សេអ៊ូល)៖ យោងតាមរបាយការណ៍​របស់អ្នកជំនាញ​កូរ៉េខាងត្បូង រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​មានអាវុធគីមី​រហូតដល់ទៅ​ចំនួន​៥,០០០​តោន​ ដោយរួម​បញ្ចូល​ទាំងសារធាធាតុគីមី​ពុល ដែលត្រូវបាន​ប្រើប្រាស់​ក្នុងការលួច​ធ្វើឃាត​លោក គីម ជុងណាំ ថែមទៀត​ផង។ នេះបើតាម​ការ​​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រសួង​ការពារជាតិ​នៃប្រទេសកូរ៉េខាងត្បូង​បានឲ្យដឹង​នៅក្នុងរបាយការណ៍​កាលពី​ឆ្នាំ២០១៤របស់ខ្លួនថា កូរ៉េ​ខាង​ជើង​​បាន​ចាប់​ផ្តើម​​ផលិត​អាវុធ​គីមី​តាំងពីទសវត្សរ៍ឆ្នាំ១៩៨០​មក ហើយបាន​ប៉ាន់ស្មានថា​ ទីក្រុង​ព្យុង​យ៉ាង​អាចមានស្តុកអាវុធ​ដ៏គ្រោះថ្នាក់​បំផុតនេះពី​ចំនួនប្រហែល​​២,៥០០តោន​ទៅដល់៥,០០០តោន​នៅក្នុងឃ្លាំង។ ម៉្យាងវិញទៀត​យោង​តាមរបាយការណ៍ឆ្នាំ២០១២​​របស់ក្រសួង​ដដែលនេះ កូរ៉េខាងជើង​មាន​រោងចក្រផលិត​អាវុធនុយក្លេអ៊ែរ​នៅក្នុងទីតាំង​ចំនួន០៨​ បូករួមទាំងកំពង់​ផែ Chongjin ដែលស្ថិត​នៅភាគឦសាន និងទីក្រុង Sunuiju ​ដែល​ស្ថិត​នៅភាគពាយ័ព្យ​នៃផ្ទៃប្រទេស។

លោក Lee Il-Woo អ្នកវិភាគ​ស្តីពីវិស័យ​ការពារជាតិ​របស់កូរ៉េខាងត្បូង​បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា «កូរ៉េខាងជើង​ត្រូវគេជឿជាក់​​ថា​​មានស្តុក​សារធាតុគីមី​ពុល​ម៉្យាងឈ្មោះ​ថា VX នៅក្នុងចំនួន​យ៉ាងច្រើន ដែលអាច​ផលិតឡើង​បានយ៉ាងងាយ​ដោយប្រើប្រាស់​ការចំណាយ​​ក្នុង​កម្រិត​ទាប ហើយ​សារធាតុ​គីមី VX ដែលត្រូវ​បានអភិវឌ្ឍន៍​ឡើងកាលពី​ប្រមាណជា​១០០ឆ្នាំមុន​មកនេះ ក៏អាច​បង្កើតឡើង​បាន​នៅក្នុងមន្ទីរ​ពិសោធន៍​តូចៗ ឬមួយក៏រោងចក្រ​ផលិតថ្នាំ​សម្លាប់សត្វល្អិត​ជាដើម»។

អ្នកវិភាគរូបនេះ​បានបន្ថែម​ទៀតថា «អាវុធគីមី​ក៏ដូចជាអាវុធ​ជីវសាស្រ្ត​អាចធ្វើការ​ដឹកជញ្ជូន​តាមរយៈមធ្យោបាយ​ជាច្រើន​រួមមាន កាំភ្លើងធំ មីស៊ីល និងយន្តហោះ​ជាដើម។ ដោយឡែក​ថ្នាំ​ពុលគ្មានក្លិន​និងគ្មានពណ៌​នេះ​ត្រឹមតែមួយ​ដំណក់តូច​ប៉ុណ្ណោះ ​មានសមត្ថភាព​គ្រប់គ្រាន់​ដើម្បី​​បំផ្លាញប្រព័ន្ធប្រសាទ​ទាំងស្រុងរបស់​ជនរងគ្រោះ បើសិនជា​​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​តាមរយៈ​ស្បែក ភ្នែក ឬក៏ច្រមុះ»។

យោងតាមមន្រ្តីប៉ូលិស​ម៉ាឡេស៊ី ដានរបស់​សាធាតុគីមី​ពុល VX ដែលត្រូវ​បានចាត់ទុក​ជាអាវុធប្រល័យ​លោកមួយប្រភេទ​ដោយ​អង្គការ​​សហ​ប្រជាជាតិ ត្រូវ​បាន​​គេ​រក​ឃើញ​នៅ​លើ​ផ្ទៃមុខ និងភ្នែករបស់​លោក គីម ជុងណាំ ដែលត្រូវបាន​គេលួចបំពុលឲ្យ​ស្លាប់​នៅឯអាកាសយានដ្ឋាន​អន្តរ​ជាតិ​​គូ​ឡា​ឡាំ​ពួរ​​​កាល​ពី​​សប្តាហ៍​​មុននេះ។

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងពុំបានចុះហត្ថលេខា​ លើសន្ធិសញ្ញាជា​សាកលមួយស្តីពីការ​ដាក់បំរាម​ទៅលើ​ការផលិត ការស្តុកទុក ក៏​ដូច​ជា​ការប្រើ​ប្រាស់​អាវុធគីមី​នោះឡើយ ខណៈប្រទេស​ច្រើន១៦០ផ្សេងទៀត​បានព្រមព្រៀងគ្នា​ចុះហត្ថលេខាលើ​សន្ធិសញ្ញា​នេះ ដែលបានចូលជា​ជាធរមាន​កាលពីឆ្នាំ១៩៩៧៕