(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រដ្ឋាភិបាល​របស់លោកនឹងប្រើប្រាស់​ប្រតិបត្តិការយោធា​ដើម្បីយក «ជនអន្ធពាល » ពិតប្រាកដ​ទំាងអស់​ចេញពី​សហរដ្ឋអាមេរិក ខណៈរដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ លោក ចន ឃែលី (John Kelly) បានសន្យា​ចំពោះម៉ិចស៊ីកូថា​នឹង​មិនប្រើប្រាស់​កម្លាំងយោធា​បណ្ដេញជន​អន្ដោប្រវេសន៍​នោះឡើយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។​

ថ្លែងនៅក្នុង​ជំនួបជាមួយ​អ្នកជំនួញ​អាមេរិកធំៗ​ជាច្រើននាក់ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោក ត្រាំ បានលើកឡើងថា «អ្នកបានឃើញហើយអ្វី​ដែលបាន​កើតឡើងនៅតំបន់​ព្រំដែន។ យើងនឹង​​យក​សមាជិក​ក្រុម​អន្ធពាល និងសេ្ដចគ្រឿង​ញៀន​ចេញពី​ប្រទេស​របស់យើង ពោលគឺ​ជនអន្ធពាល​ពិតប្រាកដ នឹងត្រូវចាកចេញពី​ប្រទេសមួយ​នេះ ក្នុងអត្រា​មួយដែលគ្មាន​នរណាម្នាក់ធ្លាប់​បានឃើញ​ពីមុនមក (...) ហើយក្រុម​​ជនអន្ធពាលទំាងនេះ គួរតែត្រូវបាន​យកចេញពី​ប្រទេស​ដោយប្រតិបត្តិការ​យោធា»

គួរបញ្ជាក់ថា​បច្ចុប្បន្ន​បញ្ហាជន​អន្តោប្រវេសន៍ នៅក្នុង​សហរដ្ឋអាមេរិក​បានក្លាយជា​ប្រធានបទ​ដ៏សំខាន់ និងកំពុង​ធ្វើឱ្យ​សង្គមអាមេរិក​ប្រឈមមុខ​នឹងការ​បែកបាក់​នយោបាយ​ផ្ទៃក្នុង ស្របពេល​ប្រជាជន​អាមេរិក​មួយចំនួន​យល់ថា ជនអន្តោប្រវេសន៍​បានដណ្ដើម​ការងាររបស់​ពួកគេ រីឯអ្នកខ្លះ​ទៀតថា​ជនអន្តោ​ប្រវេសន៍​បានចូលរួម​ចំណែកយ៉ាងសំខាន់​នៅក្នុងសេដ្ឋកិច្ច​អាមេរិក៕