(ម៉ិចស៊ីកូ)៖ អាជ្ញាធរអាមេរិក​បានសន្យាថានឹងមិនមានការបណ្ដេញទ្រង់ទ្រាយធំ ឬក៏ប្រើប្រាស់​កម្លាំង​យោធា បណ្ដេញ​ជនអន្តោប្រវេសន៍​ចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេស​ក្បែរខាង​នោះទេ ដែលការសន្យាបែប​នេះ​ដើម្បីឱ្យម៉ិចស៊ីកូ​ត្រជាក់ចិត្តឡើងវិញ។ នេះបើតាម​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​លោក ចន ឃែលី (John Kelly)​ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ​ ឆ្នាំ២០១៧។

ការសន្យា​របស់​លោក ចន ឃែលី ធ្វើឡើងនៅ​ក្នុងឱកាសដែលរូបលោក និងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានជួបពិភាក្សា​ការងារជា​មួយនឹង​រដ្ឋមន្ត្រីការបរទេស​ម៉ិចស៊ីកូ លោក ល្វីស វីដេហ្គារ៉ាយ (Luis​ Videgaray)។ នៅក្នុងជំនួប​នោះដែរ​នៅទីក្រុងមិចស៊ីកូ លោក វីដេហ្គារ៉ាយ ជាថ្មីម្ដង​ទៀត​បាន​បង្ហាញ​ការខឹងសម្បារ និងការព្រួយបារម្ភ​ជាខ្លាំង​ជុំវិញគោលនយោបាយ​អន្តោប្រវេសន៍ថ្មី នៃរដ្ឋបាល​លោក ដូណាល់ ត្រាំ ដែល​មានចេតនា​បណ្ដេញជន​អន្តោប្រវេសន៍​ខុសច្បាប់ ឬមិនមាន​លិខិតស្នាមត្រឹមត្រូវ​ទំាងអស់​ចេញពីទឹកដី​អាមេរិក។ ជនភៀសខ្លួន​ទំាងនេះ អាចនឹង​ត្រូវបញ្ជូន​មកកាន់​ម៉ិចស៊ីកូ ឬក៏បើ​ពួកគេ​មកពីកន្លែង​ណាត្រូវ​ទៅកន្លែង​នោះវិញ។

គួរបញ្ជាក់ថា​លោក វីដេហ្គារ៉ាយ កាលពី​ថ្ងៃព្រហស្បតិ៍​ក៏បានថ្កោលទោស​ផងដែរលើ​គោលនយោបាយ​ថ្មីនេះ ដោយលោក​បញ្ជាក់ថា ប្រទេស​របស់លោក​មិន អាចទទួល​យកបានឡើយនូវ​​ការសម្រេចចិត្តជាឯក​តោភាគី​បែប​នេះ។ ទំនាក់ទំនង​រវាងម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក ប្រែជា​អាប់អួរនឹងគ្នាតំាងតែ​ពីនៅអំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មកម្លេះ ដោយនៅ​កាលណោះ លោក ដូណាល់ ត្រាំ បាននិយាយ​ជា​សាធារណៈថា លោកនឹងឱ្យ​ម៉ិចស៊ីកូ ចេញលុយ​សាងសង់​ជញ្ជាំងព្រំដែន​ជាប់គ្នា​រវាងប្រទេស​ទាំងពីរ ដើម្បីទប់ស្កាត់​លំហូរ​ចូលនៃជនអន្តោប្រវេសន៍​ខុសច្បាប់ និងឧក្រិដ្ឋជន​ជួញដូរគ្រឿង ញៀនចូល​មកក្នុងទឹក​ដី​អាមេរិក៕