(គូឡាឡាំពួរ)៖ មន្រ្តីប៉ូលិស​ម៉ាឡេស៊ីកំពុង​ស៊ើបអង្កេតថា​ តើសារធាតុគីមី​ពុល VX ដែលត្រូវ​បានប្រើប្រាស់​ដើម្បីធ្វើឃាត​លោក គីម ជុងណាំ​ ដែលត្រូវ​ជាបងប្រុស​ម្តាយទីទៃ​របស់មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន​លោក គីម ជុងអ៊ុន នោះត្រូវ​បាននាំចូល​មកកាន់ម៉ាឡេស៊ី ឬមួយក៏​ត្រូវបាន​​ផលិតឡើង​នៅក្នុងប្រទេស​ផ្ទាល់ ហើយលោក Khalid Abu Bakar ​បានស្នើ​ឲ្យអ្នកជំនាញ​​គ្រប់ជាន់​ថ្នាក់ធ្វើការ​​តាមដាន​និងត្រួត​ពិនិត្យឲ្យ​បានដិតដល់​ចំពោះដាន​របស់សារធាតុពុល​គីមី VX នៅតាម​ទីកន្លែង​ដែលជនសង្ស័យ​បានទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

​មេបញ្ជាការប៉ូលិស​​រូបនេះបានបង្ហើបឲ្យដឹងដូច្នេះថា​ ស្រ្តីម្នាក់ក្នុង​ចំណោមស្រ្តីជាប់សង្ស័យ​ទាំងពីរ​នាក់ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លោក គីម ជុងណាំ ដោយប្រើប្រាស់​សារធាតុគីមី VX ដ៏មានអនុភាព​នេះ ក៏បានទទួលរង​ឥទ្ធិពលរបស់វា​ផងដែរ ដោយ​លោក Kahlid Abu Bakar បាន​បញ្ជាក់​ថា «នាងមាន​ការក្អួតចង្អោរ និងធ្លាក់ខ្លួនឈឺ» បន្ទាប់ពី​លោកធ្វើការឆ្លើយតប​ទៅនឹង​សំណួរថា​ តើស្រ្តីជាជន​សង្ស័យទាំងពីរ​រូបបានទទួល​រង​ឥទ្ធិពលរបស់ VX ដែលត្រូវ​បានចាត់ទុក​ជាអាវុធប្រល័យ​លោកមួយ​ប្រភេទ ដោយអង្គការ​សហប្រជាជាតិ ប៉ុន្តែលោក Kahlid មិនបាន​ធ្វើការបកស្រាយ​លម្អិតវែង​​ឆ្ងាយ​​ត​ទៀត​​ឡើយ​។

គួរបញ្ជាក់ថាលោក គីម ជុងណាំ បាន​បាត់បង់​ជីវិត​នៅក្រោយ​ពេលដែលរូប​លោក​បានទទួលរង​ការលួចវាយ​ប្រហារ​នៅឯអាកាស​យានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួរ​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈកន្លង​ទៅនេះ ហើយអាជ្ញាធរ​ម៉ាឡេស៊ី​បានចាប់ឃុំខ្លួន​ស្រ្តីជនជាតិវៀតណាម​ម្នាក់​ និងស្រ្តីជនជាតិ​​ឥណ្ឌូណេស៊ី​ម្នាក់ទៀត ក្រោមបទសង្ស័យថា​បានបាញ់សារធាតុគីមីពុល​នេះទៅលើផ្ទៃមុខ​របស់លោក គីម៕