(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថាលោកមាន​បំណងបង្កើន​ឃ្លាំងអាវុធ​នុយក្លេអ៊ែរ ដើម្បីធានា​ឱ្យបានថា​សហរដ្ឋ អាមេរិក​នៅតែបន្ត​ឈរជាមហាអំណាច​លេខ១​នៅលើ​ពិភពលោក និងថែមទាំង​បានសន្យា​ដែរថា សមត្ថភាព​នុយក្លេអ៊ែរអាមេរិក នឹងមិនអាច​រត់តាមពី​ក្រោយបណ្ដា​ប្រទេសដ៏ទៃ​រួមមាន​ទំាងមិត្ត ឬក៏សត្រូវ​ជាដាច់ខាត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់​លោក ដូណាល់ ត្រាំ ធ្វើឡើង​នៅក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ។ លោក ត្រាំ បានបញ្ជាក់​ដូច្នេះថា «វាពិតជា​រឿង​អស្ចារ្យ​​សម្រាប់ក្ដីស្រមៃ គ្មានប្រទេស​ណាមួយមាន​អាវុធនុយក្លេអ៊ែរ​ក៏ប៉ុន្តែបើ​សិន​ជាប្រទេស ទាំងអស់មាន​ឬកំពុងអភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ យើងត្រូវតែ​ឈរនៅលើគេ ពោលគឺ​យើងមិនអាច​រត់តាមពីក្រោយ​ប្រទេសណា​មួយនោះទេ បើទោះជា ប្រទេសនោះ​ជាមិត្ត​ ឬជាសត្រូវក៏ដោយ។ យើងមិនអាច​រត់តាមពី​ក្រោយជា​ដាច់ខាត ក្នុងនាមជា​មហាអំណាច​នុយក្លេអ៊ែរ»

គួរបញ្ជាក់ថា​នៅក្នុង​បទសម្ភាសន៍​នោះ លោក ដូណាល់ ត្រាំ ក៏បានគូស​បញ្ជាក់ដែរ​ថារុស្ស៊ីបាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីលថ្មី​ជាច្រើន ដែលនេះ​ជាទង្វើ រំលោភ​លើសន្ធិ​សញ្ញា​គ្រប់គ្រង​អាវុធ​ឆ្នាំ១៩៨៧ ហើយថា​លោកនឹង​យកបញ្ហានេះ ទៅនិយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បើសិន​ជាអ្នក​ទំាងពីរ អាចជួបគ្នា​នៅថ្ងៃ​ណាមួយ៕