(ម៉ូស្គូ)៖ បន្ទាប់ពីមាន​ពាក្យលេចឮ​កន្លងមក ព្រមទាំងការរិះគន់ផងដែរ​ទៅលើ​គំនិតរបស់រុស្ស៊ី ដែល​គ្រោង​បញ្ជូន​នាវាដឹក​យន្តហោះចម្បាំង​ខ្នាតធំ Admiral Kuznetsov ទៅកាន់​ដែនសមុទ្រ​របស់​ប្រទេស​ស៊ីរីនោះ ​ប្រធានាធិបតី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាង​ថា នេះគ្រាន់តែ​ជាគំនិតផ្ទាល់ខ្លួន​របស់លោក​ប៉ុណ្ណោះ ហើយវា​ក៏មិនមែនជាការរំលោភ​អធិបតេយ្យភាព​ប្រទេសស៊ីរី​នោះដែរ ដោយលោក​គ្រាន់តែចង់​កម្ចាត់​ក្រុមភេរវករ​តែប៉ុណ្ណោះ។ នេះបើ​តាមការដកស្រង់​សេចក្តីរាយការណ៍​ពីសារព័ត៌មាន RT នាព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

គំនិតរបស់​លោក ពូទីន ខាងលើនេះត្រូវ​បានការពារ​ដោយការបកស្រាយ​ថា នាវាដឹកក្រុម​យន្តហោះចម្បាំង​របស់ប្រទេស​រុស្ស៊ី មានយុទ្ធសាស្ត្រ​ក្នុងការកម្ទេច​ក្រុមជ្រុលនិយម​នៅក្នុងប្រទេសស៊ីរី។ លោក ពូទីន បានបញ្ជាក់​នៅក្នុងកិច្ច​ប្រជុំ​ជាមួយមន្ត្រី​យោធាកំពូលរុស្ស៊ី​ នៅថ្ងៃព្រហស្បតិ៍​យ៉ាងដូច្នេះ​ថា «កន្លងមកអ្នក​ធ្លាប់បាន​បំពេញ​ប្រតិបត្តិការធំៗដែលត្រូវបាន​ដាក់ចេញ ហើយក៏បានបំផ្លិចបំផ្លាញ​ក្រុមភេរវករ​អន្តរជាតិ​តាមរយៈការ​កម្ទេច មូលដ្ឋាន ឃ្លាំងសព្វាវុធ បរិក្ខាប្រយុទ្ធ និងហេដ្ឋ​រចនា​សម្ព័ន្ធ​របស់ពួកគេ»

លោក ពូទីន ក៏បានសង្កត់ធ្ងន់ផងដែរថា យោធារុស្ស៊ីពិតជាបានចូលរួមយ៉ាងអស្ចារ្យទៅក្នុងកិច្ចខិតខំប្រឹង​ប្រែងកម្ចាត់ពួក​ភេរវករ​អន្តរជាតិ ហើយរុស្ស៊ីក៏បានព្យាយាម​បង្កើតលក្ខខណ្ឌ​ល្អប្រសើរ ក្នុងការរៀបចំ​កិច្ចចរចា​​រវាងរដ្ឋាភិបាល​ស៊ីរី និងក្រុមប្រឆាំង​ផងដែរ។ ការលើកឡើង​របស់លោក ពូទីន ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់ និងព្រួយបារម្ភពី​បណ្តាប្រទេស​លោកខាងលិច​អំពីគំរោង​បោះជំហាន​ដ៏ធំរបស់រុស្ស៊ី ក្នុងការបញ្ជូន​​នាវា​ដឹកយន្តហោះ​ចម្បាំង​ទៅកាន់ស៊ីរី៕