(ម៉ានីល)៖ កម្លាំងប៉ូលិស​ហ្វីលីពីននៅ​ថ្ងៃសុក្រនេះ​បានធ្វើការចាប់​ខ្លួនលោកស្រី លៃឡា ដឺលីម៉ា (Leila De Lima) សមាជិកព្រឹទ្ធ​សភា​ដែល​ត្រូវបាន​សាធារណជនស្គាល់ច្បាស់ថា​ គឺជាអ្នករិះគន់​មិនសំចៃមាត់​លើប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀន​ដោយបង្ហូរ​ឈាម​របស់​ប្រធានាធិបតី​ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្រោមបទ​ចោទប្រកាន់ថាលោកស្រី​មានជាប់ពាក់ព័ន្ធ​​នៅក្នុងការជួញ​ដួរ​គ្រឿងញៀន។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​​ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​តុលាការទីក្រុងម៉ានីល បានបង្គាប់ឲ្យធ្វើការ​ចាប់ខ្លួន​លោកស្រី លៃឡា ដឺលីម៉ា វ័យ៥៧ឆ្នាំ​ជុំវិញ​ពាក្យ​បណ្តឹង​​ពាក់​ព័ន្ធ​​​នឹង​​ការលួចជួញដូរ​គ្រឿង​ ដែលត្រូវ​បាន​ធ្វើឡើង​ក្រសួង​យុត្តិធម៌​ហ្វីលីពីន។ លោកស្រី ដឺលីម៉ា ត្រូវគេ​ចោទ​ប្រកាន់​​ថា​ធ្លាប់បានផ្សំ​គំនិតក៏ដូចជា​ប្រឡូកប្រឡាក់​ជាមួយការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅពេល​ដែល​លោកស្រី​កាន់មុខ​តំណែង​ជារដ្ឋមន្រ្តីនៃ​ក្រសួង​យុត្តិធម៌​កាលពី​ឆ្នាំ២០១០​រហូតដល់​ឆ្នាំ២០១៥។

គួរបញ្ជាក់ថាលោក លៃឡា ដឺលីម៉ា ត្រូវបាន​ប៉ូលិសចាប់ខ្លួន​នៅឯការិយាល័យ​របស់ស្រី​ផ្ទាល់​ក្នុងព្រឹទ្ធសភា​ហ្វីលីពីនដោយ​គ្មានការប្រឆាំងតប​តនោះឡើយ ហើយនៅ​ពេលត្រូវបានគេនាំ​ខ្លួនចេញពី​បរិវេណព្រឹទ្ធសភា​លោកស្រី ដឺលីម៉ា បាន​ថ្លែង​យ៉ាង​​ជឿ​ជាក់​ប្រាប់​ក្រុម​អ្នក​​សារ​ព័ត៌​មាន​​ថា «ខ្ញុំគ្មានកំហុសអ្វីឡើយ!» ខណៈមេធាវី​លោកស្រីកំពុង​តែចោទសួរ​ដេញដោល​អំពី​ដីកា​​ចាប់​ខ្លួន​នេះ​​ថា​​ វា​ពិត​ជា​មាន​​ភាព​មិន​ប្រក្រតី​​ខ្លាំង​ណាស់​៕