(វីយែន)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងកិច្ចការស្ត្រី​អូទ្រីស​លោកស្រី Sabine Oberhauser បានទទួល​មរណភាព​ហើយនៅ​យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈក្នុងអាយុ​៥៣ឆ្នាំ បន្ទាប់ពីលោកស្រី​​បានទទួលរង​ជំងឺមហារីក​​​យ៉ាងធ្ងន់ធ្ងរ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកស្រី Sabine ធ្លាប់បាន​ប្រកាសអំពីជំងឺ​មហារីកក្រពះ​របស់លោកស្រីជា​សាធារណៈកាលពីដើមឆ្នាំ​២០១៥ ហើយរយៈ ពេលបន្តបន្ទាប់ទៀត លោកស្រីក៏បានទទួលការវះកាត់ និងព្យាបាលជាច្រើនលើកដែរ ដែលជាហេតុបាននាំ​ឲ្យរដ្ឋមន្ត្រីរូបនេះ ខកខាន​បំពេញតួនាទី​របស់ខ្លួនជាច្រើន​ដង​។

គួរបញ្ជាក់ថា​ស្វាមីរបស់​លោកស្រី Sabine គឺលោក Gerold Oberhauser ក្នុងនាម​ជាវេជ្ជបណ្ឌិត​​បាន​ព្យាយាម​ក្នុងការព្យាបាល​លោកស្រី​យ៉ាងអស់ពី​សមត្ថភាព ប៉ុន្តែជាអកុសល្យ​លោកស្រីនៅតែ​បាត់បង់ជីវិត​ចោលលោក និងកូនស្រីពីរ​នាក់ទៀត។ អធិការបតី​អូទ្រីសលោក Gerhard Kern បានសម្តែង​សមានទុក្ខ និងហៅការ​ទទួលមរណភាព​របស់រដ្ឋមន្ត្រី​ខាងលើនេះថា «ជាទុក្ខក្រៀមក្រំ​ដែលមិនអាច​កាត់ថ្លៃបាន»៕