(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី យោងតាមរបាយការណ៍បឋមរបស់ខ្លួន បានឱ្យដឹងថា លោក គីម ជុងណាំ ត្រូវបានឃាតករសម្លាប់ដោយប្រើប្រាស់ សារធាតុគីមីពុលកំរិតខ្ពស់ម្យ៉ាង ដែលគេស្គាល់ថា VX។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពដដែលបញ្ជាក់ដែរថា សារធាតុគីមីពុល VX​ ត្រូវបានក្រុមអ្នកជំនាញយកចេញពីភ្នែក និងនៅលើទឹកមុខ​នៃជនរងគ្រោះមានសញ្ជាតិ្តកូរ៉េខាងជើង ដែលគេជឿជាក់ថា ជាបងប្រុងម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បានចាត់ទុកថា VX​ គឺជាសារធាតុគីមីពុលដ៏សាហាវ។ ដោយឡែករហូតមក​ទល់ពេលនេះ សពបុរសគេជឿថា ជាលោក គីម ជុងណាំ នៅតែបន្តរក្សាទុកនៅក្នុងមន្ទីពេទ្យទីក្រុងគូឡាឡាំពួរ និងពុំទាន់មានសាច់ញ្ញាត្តិណាម្នាក់មកទាមទារយកសព ឬបញ្ជាក់អត្ត សញ្ញាណនៅឡើយទេ ខណៈម៉ាឡេស៊ី និងកូរ៉េខាងជើង កំពុងមានជម្លោះផ្នែកការទូតនឹងគ្នា ដោយសារសំណុំរឿងឃាតកម្មដ៏រសើបនេះ៕