(គូឡាឡាំពួរ)៖ មន្ត្រីជាន់ខ្ពស់​របស់រដ្ឋាភិបាល​ម៉ាឡេស៊ីមួយរូប​បានបង្ហើប​ឲ្យដឹងថា ប្រទេសម៉ាឡេស៊ី​​កំពុង​តែពិចារណា​រឿងបណ្តេញ​មន្ត្រីទូត​កូរ៉េខាងជើង ត្រឡប់ទៅកាន់​ទីក្រុងព្យុងយ៉ាងវិញ​ និងបិទស្ថានទូត​កូរ៉េខាងជើង​ចោលតែម្តង ពាក់ព័ន្ធ​ទៅនឹងសង្គ្រាម​ការទូតរវាង​ប្រទេស​ទាំងពីរ ដែលបាន​រីករាលដាល​កាន់តែ​ខ្លាំង​ក្រោយការ​ធ្វើឃា​តលោក គីម ជុងណាំ បងប្រុសមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ នេះបើតាម​ការដកស្រង់ពី​សារព័ត៌មាន Channel News Asia នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ការបង្ហើបពីមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីខាងលើនេះ បានធ្វើឡើងបន្ទាប់ពី កូរ៉េខាងជើង​បាននិយាយថា​ម៉ាឡេស៊ីកំពុង​ប្រកាន់ «ឥរិយាបថអមិត្ត» និងថែម​ទាំងព្រមាន​ដែរថា​ខ្លួននឹងតាម​ឃ្លំាមើល​អាកប្បកិរិយា​បែបនេះរបស់​ម៉ាឡេស៊ី នៅថ្ងៃអានាគត​។ សេចក្ដីថ្លែងការណ៍​ដដែល​បានឱ្យដឹងទៀតថា ក្រសួង​ការបរទេស​ម៉ាឡេស៊ី និងមន្ទីរពេទ្យ​រក្សាសព​របស់បុរស​ម្នាក់​ដែលគេជឿថា​ជាលោក គីម ជុងណាំ បានអះអាង​ថា លោកមាន​អាការៈមិន​ស្រួលខ្លួន នៅឯអាកាស​យានដ្ឋានអន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ និងក្រោយមក​បានស្លាប់​ដោយសារ​គាំងបេះដូង នៅតាមផ្លូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។ ក៏ប៉ុន្តែផ្ទុយ​ទៅវិញ​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង បែរជានាំ​គ្នាចុះផ្សាយ​ព័ត៌មាន​នេះខុស​ពីការពិត ដោយថា​លោក គីម ត្រូវបាន​គេបំពុលឱ្យ​ស្លាប់ ខណៈប៉ូលិស​សម្ងាត់​ម៉ាឡេស៊ី ក៏បាន​ចូលរួម​នៅក្នុងកិច្ចការ​បំផ្លៃព័ត៌មាន​ឱ្យកា្លយជា​ការពិតដូច​ទីក្រុង​សេអ៊ូល ចង់បាន ដែលប្រការនេះបាន​ធ្វើឱ្យរឿងរ៉ាវកាន់តែ​ស្មុគស្មាញ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលទទួល​បន្ទុកតាមដាន​សកម្មភាព​របស់អគ្គរដ្ឋទូត​កូរ៉េខាងជើង លោក កាង ចុល បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសម៉ាឡេស៊ីមានការរង្គាសចិត្តជាខ្លាំង និងកំពុងរៀបចំ​ចំណាត់​ការតប ហើយដែល​វាអាចឈាន​ទៅដល់ការប្រកាសឲ្យអគ្គរដ្ឋទូតកូរ៉េខាងជើងក្លាយជា បុគ្គលដែលគេមិន​ស្វាគមន៍» ដូចជាពេលដែល​អាមេរិកបណ្តេញ​មន្ត្រីទូតរុស្ស៊ី​​កាលពីចុង​អាណត្តិលោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតី​អាមេរិកដូច្នោះ​ដែរ៕