(គូឡាឡាំពួរ)៖ ជម្លោះការទូត​រវាងកូរ៉េខាងជើង និងម៉ាឡេស៊ី​កាន់តែជ្រាលជ្រៅ​ទៅហើយ បន្ទាប់ពីទីក្រុង​ព្យុងយ៉ាង​បានចោទប្រទេស​អាស៊ានមួយនេះថា បានធ្វើការស៊ើបអង្កេត និងកោសល្យវិច័យ​ដោយចិត្តឯង ទៅលើសពលោក គីម ជុងណាំ ដែលជាបងប្រុសមេដឹកនាំ​កំពូលកូរ៉េខាងជើង​​លោក គីម ជុងអ៊ុន ហើយ​នៅមុន​នេះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណាជីប រ៉ាហ្សាក់ ក៏បានលើក​ឡើងទៀតថា «កូរ៉េខាងជើង​ប្រើប្រាស់​​វិស័យ​ការទូត​បែបឈ្លើយ​បំផុត» ដែលជាចោទប្រកាន់​មួយមិនអាចទទួលយកបានឡើយសម្រាប់​រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​​យ៉ុនហាប់ នារសៀលថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

រឿងរ៉ាវ​ក្រោយករណីឃាតកម្ម​លើលោក គីម ជុងណាំ នោះមិនមែន​មានតែការ​ស៊ើបអង្កេត​រកជនបង្ក​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ជាសង្គ្រាមពាក្យ​សម្តីរវាងទីក្រុង​ព្យុងយ៉ាង សេអ៊ូល និងគូឡាឡាំពួរ ដែលម៉ាឡេស៊ី​និង កូរ៉េខាងត្បូង​បានបង្ហាញក្តី​ជឿជាក់ថា សាពសព​នោះពិតជាលោក គីម ជុងណាំ ដែលត្រូវ​បានឃាតករមកពី​កូរ៉េខាងជើងលួចធ្វើឃាត ប៉ុន្តែកូរ៉េខាងជើង​បានអះអាងតបវិញ​​ថា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង​បានផ្សំគំនិតគ្នា ជាពិសេសគឺ​ទីក្រុងសេអ៊ូលតែម្តង ដែលមានផែនការ​អាក្រក់ដើម្បីឆ្លៀត​ឱកាស​ទម្លាក់​ការស្លាប់​របស់​ជនជាតិ​កូរ៉េខាងជើង (គីម ជុងណាំ) ឲ្យទៅកូរ៉េខាងជើងជាអ្នកទទួលខុសត្រូវ ដែលតាមពិត​ទៅគឺទីក្រុងព្យុងយ៉ាង​អះអាង​ថា លោក គីម ជុងណាំ បានស្លាប់ដោយរោគគាំងបេះដូងប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ទំនាក់ទំនងការទូត​រវាងម៉ាឡេស៊ី និងកូរ៉េខាងជើង​​បានវិវឌ្ឍន៍រកភាពប្រសើរ​ឡើងជានិច្ច​ក្នុង​រយៈពេល​ជាង ៤០ឆ្នាំមកហើយ​ ដោយភាគីទាំងពីរ​សុទ្ធតែមាន​ស្ថានទូត​តំណាងប្រទេស​រៀងៗខ្លួន។ ជា​ពិសេស​ជាងនេះទៅ​ទៀតនោះ ម៉ាឡេស៊ី​ក៏ធ្លាប់ដើរ​តួជាអ្នកសម្របសម្រួល​ឲ្យមានកិច្ចពិភាក្សា​​មួយចំនួន​រួចមក​ហើយ​រវាងមន្ត្រី​រដ្ឋាភិបាល​អាមេរិក និងមន្ត្រីទូតកូរ៉េខាងជើង​កាលពីបណ្តា​ឆ្នាំកន្លងទៅ។ ប៉ុន្តែអ្វីៗ​ទាំង​អស់​ប្រែជាប្រេះស្រាំ នៅពេល​ដែលទីក្រុង​គូឡាឡាំពួរ ក្លាយជា​ទីកន្លែងដែល​បងប្រុសម្តាយ​ទីទៃនៃ​មេដឹកនាំ​កំពូលកូរ៉េខាងជើងទទួលមរណភាព​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ៕