(ហាណូយ)៖ យោងតាម​របាយការណ៍​ចុងក្រោយបំផុត​របស់ក្រសួងព័ត៌មាន​ និងទូរគមនាគមន៍​នៃប្រទេស​វៀតណាម (MIC) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាជន​វៀតណាមរហូល​ដល់ចំនួន ៥០លាននាក់ហើយ ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ​អ៊ីនធើ​ណែត​ជាប្រចាំ ដែលចំនួននេះ​ស្មើនឹងជាង​៥៣ភាគរយ​នៃចំនួនប្រជាជនសរុប​នៅក្នុងប្រទេសវៀតណាម​ទាំងមូល។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅមុននេះ​បន្តិចនា​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Nguyen Thanh Hai ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ព័ត៌មានវិទ្យានៃ MIC បានលើកឡើងថា​ប្រទេសវៀតណាម​បានកំណត់​គោលដៅ​ធ្វើ​យ៉ាង​ណាឲ្យចំនួន​អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត​កើនដល់ចន្លោះ​ពី៨០​ ទៅ៩០ភាគរយ​នៃចំនួនប្រជាជន​វៀតណាម​សរុប ដើម្បីឲ្យស្មើ​ឬក៏យ៉ាង​ហោច​​ណាស់ប្រហាក់​ប្រហែល​នឹងចំនួននៅ​ក្នុងប្រទេសអភិវឌ្ឍន៍នានា។

គួរបញ្ជាក់ថាយោងតាមសមាគមអ៊ីនធើណែតវៀតណាម ប្រទេសវៀតណាម​ឈរនៅលេខរៀងទី​១៦ក្នុងចំណោម​ប្រទេស​កំពូលៗ​ទាំង២០​ ដែល​មានចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណែត​ច្រើនជាងគេបំផុត​នៅក្នុង​ទ្វីបអាស៊ី។ ទោះជាបែបនេះក្តី​ប្រទេសវៀតណាម​កំពុងប្រឈម​មុខ​​ជាមួយបញ្ហា​លំបាក​ជាច្រើន​រួមមានផ្នែក​ព័ត៌មានវិទ្យា​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​​អ៊ីនធើណែត ការអភិវឌ្ឍធនធានមនុស្ស សន្តិសុខព័ត៌មាន និងផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធើណែតជាដើម៕