(គូឡាឡាំពួរ)៖ មេបញ្ជាការ​ប៉ូលិសម៉ាឡេស៊ី​លោក Khalid Abu Bakar បានចេញមុខ​បដិសេធភ្លាមៗ ចំពោះព័ត៌មាន​ដែលថា​ទីក្រុងគូឡាឡាំពួរ នឹងបញ្ជូន​ក្រុមអ្នក​ស៊ើបអង្កេត​ទៅកាន់​ទីក្រុងម៉ាកាវ ដើម្បីស្នើសុំ DNA ពីកូនប្រុស​របស់លោក គីម ជុងណាំ គឺលោក គីម ហាន់សូល ខណៈមកទល់​នឹងពេលនេះ ពុំទាន់មាន​គ្រួសារសាច់​ញាតិណាម្នាក់​មកបញ្ជាក់ពី​អត្តសញ្ញាណ និងទាមទារ​យកសាកសព​បុរសម្នាក់ ដែលគេជឿថា​ជាលោក គីម ជុងណាំ នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។​

ប្រតិកម្ម​របស់​លោក Khalid Abu Bakar ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​នៅក្នុងស្រុក​រាយការណ៍ថា ប៉ូលិស​ម៉ាឡេស៊ី នឹងបញ្ជូន​ក្រុមអ្នកស៊ើប​អង្កេត​ទៅកាន់​ទីក្រុង​ម៉ាកាវ ដើម្បីស្នើ​សុំ DNA ពីកូនប្រុស​របស់​លោក គីម ជុងណាំ។ មេបញ្ជាការ​ប៉ូលិសរូបនេះ​បានប្រាប់​សារព័ត៌មាន Channel News Asia​ ថាប៉ូលិស​ម៉ាឡេស៊ី​មិនទាន់សម្រេចចិត្ត​ធ្វើបែបនេះ​នោះទេ ហើយពេល​សួរថាតើ គេរង់ចាំ​គ្រួសារសាច់​ញាតិ​មកយកសព​លោក គីម ជុង ណាំ ដល់ពេល​ណា? លោក Abu Bakar ឆ្លើយ​យ៉ាងខ្លីថា «យើងនឹងផ្ដល់​ពេលវេលា​បន្ថែមទៀត​ដល់ពួកគេ»

គួរបញ្ជាក់ថា​លោក គីម ជុងណាំ ត្រូវគេជឿជាក់ថា​ត្រូវបានគេធ្វើឃាត​នៅឯអាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​គូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយអ្វីដែលគេ​អាចបញ្ជាក់បាន​នៅពេលនេះ គឺបុរស​ដែល​ស្លាប់នោះ​កាន់លិខិតឆ្លងដែន​ឈ្មោះ គីម ចុល ខណៈ​កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍​នេះ ក៏បានស្នើ​ឱ្យបញ្ជាក់ពី​អត្តសញ្ញាណ​ផងដែរ តែខាងអាជ្ញាធរ​ម៉ាឡេស៊ី ពុំទាន់ធ្វើ​តាមសំណើ​នេះ​នៅ​ឡើយទេ៕