(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដា​គ្រោងធ្វើការស្វាគមន៍​យ៉ាងកក់ក្តៅ ​ចំពោះ​ជនភៀស​ខ្លួនប្រមាណ ១,២០០នាក់​​ដែលបានប្រឈមមុខ​នឹងសេចក្តី​​ស្លាប់​នៅក្រោម​កណ្តាប់​ដៃ​ដ៏ឃោឃៅ​របស់ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រសួង​អន្តោប្រវេសន៍​នៃប្រទេស​​កាណាដា ដែលត្រូវ​បានដកស្រង់​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះបន្តិច​នាល្ងាចថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Ahmeh Hussen រដ្ឋមន្រ្តីក្រសួង​អន្តោប្រវេសន៍​ប្រទេសកាណាដា​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា «ពួកយើង​តែងតែ​មាន​ប្រពៃណី​ក៏ដូចជាទំនៀម​ទម្លាប់​ក្នុងការផ្តល់​ការពារ​ដោយឈរលើ​គោលការណ៍​ មូលដ្ឋាននៃ​ការងាយ​នឹងរងគ្រោះ និងមិនមែន​ផ្អែក​លើ​សាសនា​ ឬមួយក៏ជាតិសាសន៍​ណាមួយនោះ​ឡើយ តួយ៉ាង​ការឆ្លើយតប​របស់យើង​គឺកំពុងផ្តោត​សំខាន់លើជនទាំងឡាយ​ដែលបានរួចរស់​​ពី​ចង្កូមមច្ចុរាជ ISIS»។

គួរបញ្ជាក់ថា​យោងតាម​លោក Hessen ជនភៀសខ្លួន​ប្រមាណ ៤០០នាក់​នឹងធ្វើដំណើរ​មកដល់​ប្រទេស​កាណាដា ដែលជាទីលំនៅ​ថ្មី​របស់​​ពួក​គេនៅ​ថ្ងៃពុធសប្តាហ៍​នេះ ហើយ​ជនភៀសខ្លួន​ដែលនឹងទទួល​បានជំនួយ​ពីរដ្ឋាភិបាល​កាណាដា ត្រូវគេ​រំពឹងថា​ភាគច្រើនគឺជាស្រ្តី​ភេទកុមារ និង​សមា​ជិក​​នៃ​ក្រុម​គ្រួសារ​របស់ពួកគេ​ដែលជាជនជាតិ​ភាគតិច Yazidi។ ម៉្យាងវិញ​​ទៀតការ​ចំណាយ​ទៅការហូបចុក​ក៏ដូចជាស្នាក់​​អាស្រ័យ​​របស់​ជនភៀស​ខ្លួន​ទាំងអស់នេះត្រូវ​បានគេធ្វើការ​ប៉ាន់ប្រមាណ​ថា​ មានចំនួន​ប្រហែល​២២លានដុល្លារ​សហរដ្ឋអាមេរិក។ ដោយ​ឡែក​​ជន​ជាតិ Yazidis គឺជាជនជាតិ​ភាគតិចនិយាយ​ភាសាឃើដ ដែលភាគច្រើន​រស់​នៅ​តាមតំបន់ភាគខាងជើង​នៃប្រទេស​អ៊ីរ៉ាក់ ហើយ​ដោយ​​សារ​​សាសនា​ដ៏បុរាណ​របស់ពួកគេ​បានធ្វើឲ្យពួកគេ​បានគោលដៅ​ចម្បង នៃការ​សម្លាប់ផ្នែក​សាសនា​ដោយក្រុម ISIS៕