(គូឡាឡាំពួរ)៖ ស្ថានទូតកូរ៉េខាងជើង​ប្រចាំទីក្រុងគូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី បានចេញសេចក្តី​អំពាវនាវ​មួយឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោះលែងជនសង្ស័យ​ដែលកំពុងជាប់ឃុំ​ចំនួនបីនាក់​ជាបន្ទាន់ ដោយទូត​កូរ៉េខាងជើង​អះអាងថា ការចាប់ឃុំខ្លួន​ពួកគេគឺត្រូវបានធ្វើឡើង​ដោយគ្មានហេតុផល​អ្វីទាំងអស់។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជនសង្ស័យទាំងបីនាក់​ដែលកូរ៉េខាងជើង​ទាមទារឲ្យដោះលែង​នោះមានដូចជា ស្ត្រីជនជាតិ​វៀតណាមម្នាក់, ស្ត្រីជនជាតិ​ឥណ្ឌូណេស៊ីម្នាក់, និងបុរសកូរ៉េខាងជើង​ម្នាក់ផងដែរ។ លោក គីម ជុងណាំ បងប្រុសរបស់​លោក​ គីម ជុងអ៊ុន មេដឹកនាំកំពូល​កូរ៉េខាងជើង​​ត្រូវបានគេធ្វើឃាត​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងគូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ី ខណៈដែលលោក គីម ជុងណាំ គ្រោងធ្វើដំណើរ​ទៅកាន់ទីក្រុង​ម៉ាកាវ​ប្រទេសចិនវិញ​នៅថ្ងៃទី១៣ ខែកុម្ភៈនោះ។

រហូតមកទល់នឹងពេលនេះ រឿងក្តីលោក គីម ជុងណាំ នៅតែបន្តការប្រទាញប្រទង់ ខណៈសមត្ថកិច្ច​ម៉ាឡេស៊ី​​ទើបកំណត់​បានជនសង្ស័យពីររូបទៀត​ដែលសុទ្ធតែជាជនជាតិ​កូរ៉េខាងជើង ក្នុងនោះរួម​មានទាំងមន្ត្រីទូត​​កូរ៉េខាងជើងម្នាក់ផ​ងដែរ។ ប៉ុន្តែរឿងប៉ូលិស​ស្នើសុំសួរ​ចម្លើយមន្ត្រីទូត​កូរ៉េខាងជើង​ដ៏គួរឲ្យសង្ស័យ​រូបនោះ នៅមិនទាន់​ទទួលបានការអនុញ្ញាតពី​ស្ថានទូតកូរ៉េខាងជើង​នោះឡើយ។ បន្ថែមពីនេះ អាជ្ញាធរក៏មិនទាន់មាន​ព័ត៌មាន​ស្តីពីសាច់​ញាតិ​លោក គីម ជុងណាំ មកស្នើ​សុំធ្វើ​តេស្ត DNA ដើម្បីទទួលយកសាកសព​លោកនៅ​ឡើយដែរ៕