(ប៉េកាំង)៖ អ្នកនាំពាក្យ​រដ្ឋាភិបាលចិន​នៅថ្ងៃពុធបាន​លើកឡើងថា​ការអភិវឌ្ឍ​ទំនាក់ទំនង​ប្រកបដោយ​សន្តិភាព​រវាងទីក្រុង​ប៉េកាំង​និងតៃវ៉ាន់​​គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់បំផុត​ដើម្បីធានា​រក្សាសន្តិភាព​ និងស្ថិរភាព​នៅទូទាំងតំបន់​ទាំងមូល ខណៈក្រុម​ចលនា​បំបែករដ្ឋដែលចង់​ទាម​ទារ​​​​ឯករាជ្យ​ឲ្យតៃវ៉ាន់​ និង​សកម្ម​ភាព​ដ៏ធ្វេស​ប្រហែស​ទាំងឡាយ​របស់ពួកគេ​ ​គឺជាការគំរាមកំហែង​ដ៏ធំមហា​សាល។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃពុធ​ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

ដោយធ្វើការអធិប្បាយ​ពាក់ព័ន្ធ​នឹងការធ្វើសមយុទ្ធ​យោធា​របស់តៃវ៉ាន់​នាពេលថ្មីៗ​នេះ សំដៅ​ទប់ទល់​ការវាយប្រហារ​ណាមួយពី​សំណាក់​​រដ្ឋាភិបាលទីក្រុងប៉េកាំង លោក An Fengshan អ្នកតំណាង​ការិយាល័យក្រុមប្រឹក្សា​រដ្ឋចិនសម្រាប់កិច្ចការកោះតៃវ៉ាន់ បានថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយយ៉ាង​ដូច្នេះថា «បើសិនជាអ្នកមិនកំពុងព្យាយាមស្វែងរកឯករាជ្យឲ្យតៃវ៉ាន់ទេនោះ តើអ្នកមានអ្វី​ត្រូវខ្លះទៅ?»។

គួរបញ្ជាក់ថា​​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​បានប្តេជ្ញាយ៉ាងមុតមាំ​ក្នុងការថែរក្សា​ក៏ដូចជា​ការពារ​ការអភិវឌ្ឍដោយសន្តិភាព​នូវទំនាក់​ទំនង​ចិន-តៃវ៉ាន់​ ព្រមទាំង​សន្តិភាព​និងស្ថិរភាព​នៅទូទាំង​តំបន់ទាំងមូល។ បន្ថែមពី​រដ្ឋាភិបាល​ចិន​ក៏បានអំពាវនាវ​ឲ្យអាជ្ញា​ធរ​តៃវ៉ាន់​ធ្វើការស្វែង​យល់ពីស្ថាន​ការណ៍​នៅចំពោះមុខ​បច្ចុប្បន្នឲ្យ​បានច្បាស់លាស់​ផងដែរ ហើយត្រឡប់​ទៅគោរព​តាមគោល​ការណ៍​មូលដ្ឋាន​នៃកិច្ចព្រមព្រៀង​ឆ្នាំ១៩៩២វិញ ដែលទទួល​ស្គាល់ថាកោះតៃវ៉ាន់​គឺជាកម្មសិទ្ធ​របស់ចិនតែមួយ​ប៉ុណ្ណោះ៕